ព័ត៌មានទាន់ហេតុការណ៍៖

ករណីយាយព្រឿង មេឈ្មួញឈើដ៏ធំខេត្តស្ទឹងត្រែងត្រូវបានសមត្ថកិច្ច​ប្តូរសមត្ថកិច្ច​តុលាការពីខេត្តស្ទឹងត្រែង មកសាលាដំបូងរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ មេឈ្មួញឈើដ៏ល្បីឈ្មោះមួយរូប ឈ្មោះ ហេង សំនាង ហៅ យាយព្រឿង ត្រូវបានសមត្ថកិច្ចក្រុមការងារស្រាវជ្រាវព័ត៌មាន និងបង្ក្រាបបទល្មើសព្រៃឈើកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាំខ្លួនមកកាន់រាជធានីភ្នំពេញ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ បន្ទាប់ពីសមត្ថកិច្ចស្នើសុំប្តូរសមត្ថកិច្ចតុលាការពីតុលាការខេត្តស្ទឹងត្រែងមកសាលាដំបូងរាជធានីភ្នំពេញ ។

យាយព្រឿង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈគាត់បានយករថយន្តចំនួន២គ្រឿង និងកម្មករចំនួន១០នាក់ ទៅលួចរំដោះឈើជាវត្ថុតាង ដែលសមត្ថកិច្ចក្រុមការងារស្រាវជ្រាវព័ត៌មាន និងបង្ក្រាបបទល្មើសព្រៃឈើរកឃើញនៅចំណុចទីតាំងដីចម្ការ ស្ថិតក្នុងភូមិ-ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង និងបានប្រគល់ឲ្យខាងជំនាញរដ្ឋបាលព្រៃឈើ យកមករក្សាទុកនៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់នោះ ។

យាយ ព្រឿង ត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗក្នុងបទល្មើសជាក់ស្តែង ដឹកនាំកម្មករចូលមកលួចឈើជាវត្ថុតាងបទល្មើសនៅក្នុងបរិវេណស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់កាលពីវេលាម៉ោង៤ព្រឹក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ។ ដោយឡែកកម្មករបាននាំគ្នារត់គេចខ្លួនចេញពីកន្លែងកើតហេតុ ហើយសកម្មភាពលួចរំដោះឈើនេះផងដែរ ក៏ត្រូវបានគេសង្ស័យថា មន្ត្រីរដ្ឋបាលព្រៃឈើសង្កាត់អូរពងមាន់ អាចឃុបឃិតឲ្យមានអំពើបែបនេះកើតឡើង ។

គួររំលឹកថា សកម្មភាពប្រមូលទិញឈើ ដឹកជញ្ជូនឈើ ស្តុកឈើដោយគ្មានការអនុញ្ញាតពីរដ្ឋបាលព្រៃឈើរបស់យាយ ព្រឿង ពិតជាបានពាក់ព័ន្ធទៅនឹងមន្ត្រី ថ្នាក់ដឹកនាំ សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើមួយចំនួន ដែលពេលនេះកំពុងស្ថិតនៅក្នុងការស៊ើបអង្កេតរបស់សមត្ថកិច្ច បន្ទាប់ពីសមត្ថកិច្ចកំពុងនាំខ្លួនជនសង្ស័យរូបនេះ មកកាន់រាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីនោះ ៕ សុខ ខេមរា

 

t4 er cs a d3


ចែករំលែក៖