ខ្សែប្រយុទ្ធErling Haalandរបស់ក្រុម Manchester City ត្រូវបានប្រកាសថា ជាអ្នកវិនិយោគក្នុងគម្រោង ការប្រកួតអុកអន្តរជាតិថ្មីមួយ។
កីឡាករវ័យ 25 ឆ្នាំ រូបនេះកំពុងគាំទ្រអង្គការ Norway Chess ដែលមានគម្រោងបង្កើតការប្រកួតថ្មីឈ្មោះ Total Chess World Championship Tour នៅឆ្នាំក្រោយ។
ការប្រកួតនេះនឹងមាន 4 ព្រឹត្តិការណ៍ក្នុងមួយឆ្នាំ ដែលរៀបចំនៅទីក្រុងផ្សេងៗជុំវិញពិភពលោក
និងកំណត់ជើងឯកពិភពលោកតាម 3 ប្រភេទ៖Classic (ល្បឿនធម្មតា), Rapid (ល្បឿនលឿន), Blitz (ល្បឿនខ្លាំង)។
គម្រោងនេះត្រូវបានគាំទ្រដោយសហព័ន្ធអុកអន្តរជាតិ FIDE ហើយគ្រោងរៀបចំការប្រកួតសាកល្បងមួយនៅរដូវស្លឹកឈើជ្រុះឆ្នាំនេះ។
រាល់រដូវកាលនឹងមានប្រាក់រង្វាន់យ៉ាងហោចណាស់ 2.7 លានដុល្លារ (ប្រហែល 2 លានផោន) ដែល FIDE បានពិពណ៌នាថា ជា “ការអភិវឌ្ឍដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រអុកសម័យទំនើប”។
Haaland បាននិយាយថា៖
“អុកគឺជាល្បែងដ៏អស្ចារ្យមួយ។ វាស្រដៀងនឹងបាល់ទាត់ ព្រោះវាជួយបង្កើនការគិត និងបង្កើនសមត្ថភាពផ្លូវចិត្ត។ អ្នកត្រូវគិតឲ្យលឿន ជឿលើអារម្មណ៍ខ្លួនឯង និងគិតមុនជាច្រើនជំហាន។ យុទ្ធសាស្ត្រ និងការធ្វើផែនការមានសារៈសំខាន់ណាស់។”
គាត់បន្ថែមថា៖ “ខ្ញុំវិនិយោគក្នុង Norway Chess ព្រោះខ្ញុំជឿថា Total Chess World Championship Tour អាចធ្វើឱ្យអុកក្លាយជាកីឡាដែលមានការចាប់អារម្មណ៍កាន់តែធំជាងមុនសម្រាប់អ្នកគាំទ្រជុំវិញពិភពលោក។”
កីឡាករអុកជនជាតិណ័រវែសដូចគ្នា Magnus Carlsen ក៏ជាអ្នកឈ្នះជើងឯកពិភពលោកជាច្រើនដងក្នុងប្រភេទផ្សេងៗផងដែរ៕

ដោយ៖ ភារៈ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច