ព័ត៌មានទាន់ហេតុការណ៍៖

តម្លៃប្រេងសាំងនៅវៀតណាម កើនឡើងពី២០-៣០ ភាគរយ

ចែករំលែក៖

សារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២៦ បានផ្សាយថា តម្លៃប្រេងឥន្ធនៈបានកើនថែមទៀតនៅប្រទេសវៀតណាម នាថ្ងៃសុក្រនេះ បន្ទាប់ពីរដ្ឋាភិបាលបានប្រកាសដំឡើង កាលពីយប់ថ្ងៃព្រហស្បតិ៍ ចំពោះមុខការភ័យព្រួយអំពីការខ្វះខាតប្រេងនិងឧស្ម័នដោយសារតែសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា។
បណ្តាប្រទេសនៅអាស៉ីអាគ្នេយ៍បានទទួលរងផលប៉ះពាល់ធ្ងន់នូវការហក់ឡើងខ្ពស់នៃតម្លៃប្រេងម៉ាស៊ូត ក្រោយមានការវាយប្រហារប្រឆាំងហេដ្ឋារចនាសម្ព័ន្ធថាមពលនៅប្រទេសអ៉ីរ៉ង់ និងរដ្ឋឈូងសមុទ្រអារ៉ាប់អំឡុងសង្រ្គាមមជ្ឈិមបូព៌ា ដែលដុតបញ្ឆេះដោយសហរដ្ឋអាមេរិកនិងអ៉ីស្រាអែល។
កាលពីវេលាយប់មុនពាក់កណ្តាលអធ្រាត្រថ្ងៃព្រហស្បតិ៍ រដ្ឋាភិបាលវៀតណាមបានប្រកាសដំឡើងតម្លៃប្រេងសាំងធម្មតា២០ភាគរយ គឺដល់៣០ ៦៩០ដុង ឬស្មើនឹង១.២០ដុល្លារក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូតឡើងជិត៣៤ភាគរយ ដល់៣៣ ៤២០ដុង។ ប្រការនេះធ្វើឱ្យតម្លៃសាំងកើនជាង៥០ភាគរយ និងម៉ាស៊ូតជាង៧០ភាគរយនៅក្នុងប្រទេសវៀតណាម គិតតាំងពីជម្លោះផ្ទុះឡើង កាលពីចុងខែកុម្ភៈមក។
ក្រសួងពាណិជ្ជកម្មវៀតណាមបាននិយាយថា ការដំឡើងថ្លៃនេះ គឺដោយសារតែសង្រ្គាមនៅមជ្ឈិមបូព៌ា ការគ្រប់គ្រងរបស់អ៉ីរ៉ង់លើច្រកសមុទ្រ Hormuz និងសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន។ ទោះជាបែបនេះក្តី ក្រុមមន្រ្តីវៀតណាមបានអះអាងថា ប្រទេសអាស៊ានមួយនេះអាចធានាការប្រើប្រាស់ប្រេងនិងឧស្ម័នគ្រប់គ្រាន់នៅក្នុងស្រុករហូតដល់ដំណាច់ខែមេសា។
ទន្ទឹមគ្នានេះ នៅមីយ៉ាន់ម៉ា តម្លៃប្រេងសាំងបានកើនប្រហែល៣០ភាគរយ គិតត្រឹមពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃសុក្រនេះ ខណៈថៃក៏បានមើលឃើញតម្លៃប្រេងឥន្ធនៈកើនឡើងផងដែរក្នុងសប្តាហ៍នេះ ស្របពេលរដ្ឋាភិបាលបានប្រកាសតម្លៃប្រេងម៉ាស៊ូតខ្ពស់ជាងមុន កាលពីថ្ងៃពុធ៕

ដោយ៖ ធីរីណា(រូបថត​៖ Xuân Thạch)


ចែករំលែក៖