ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារបុរាណវិទ្យា ស្រាវជ្រាវសិក្សាអំពី រចនាសម្ព័ន្ធកសិន្ធុទឹកខាងក្រៅកំពែងព្រះបរមរាជវាំង នៃក្រុងអង្គរធំ

ចែករំលែក៖

ខេត្តសៀមរាប៖ ក្រុមការងារបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា ធ្វើកំណាយស្រាវជ្រាវនៅខាងក្រៅកំពែងអតីតព្រះបរមរាជវាំងនៃក្រុងអង្គរធំ អស់រយៈពេល១ខែមកហើយ។ ការធ្វើកំណាយស្រាវជ្រាវនេះ ក្នុងគោលបំណងសិក្សាទី តាំង ដែលមានស្លាកស្នាមជាកសិន្ធុទឹក និងប្រព័ន្ធបង្ហូរទឹកសម័យបុរាណ ដើម្បីរំដោះទឹកចេញពីក្នុងបរិវេណព្រះបរម រាជវាំង ហូរចូលក្នុងកសិន្ធុ។

លោក ស្រ៊ុន តិច បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ថា លទ្ធផលជាបឋម នៃការធ្វើកំណាយចំនួន៤ទីតាំង ដើម្បីសិក្សាពីរចនាសម្ព័ន្ធកសិន្ធុទឹកនៅខាងក្រៅកំពែងជុំវិញព្រះបរមរាជវាំង គឺមានកំណកដីចាក់បង្គររហូតដល់ជម្រៅ៣ម៉ែត្រ ហើយរចនាសម្ព័ន្ធកសិន្ធុមានកាំសាងពីថ្មបាយក្រៀមមានពី៩រហូត ដល់១១កាំ និងរកឃើញប្រព័ន្ធបង្ហូរទឹកបុរាណចំនួន៣ ទីតាំងស្ថិតនៅតាមជើងកំពែង ដែលប្រព័ន្ធបង្ហូរទឹកនេះមានតួនាទីរំដោះទឹកចេញពីបរិវេណព្រះបរមរាជវាំងហូរចូលកសិន្ធុនាសម័យបុរាណ និងរកឃើញស្លាកស្នាមស្រះបុរាណមួយនៅទិសខាងជើងព្រះបរមរាជវាំង ផ្នែកខាងក្រៅកំពែង មានកាំធ្វើពីថ្មបាយក្រៀមចំនួន១៥កាំទៀតផង។ ចំណែក ទិសខាងលិចនៃស្រះមានចម្លាក់យ៉ាងប្រណិត។

បុរាណវិទូរូបនេះ បញ្ជាក់ថា ប្រព័ន្ធបង្ហូរទឹក និងកសិន្ធុទឹកនៅជុំវិញកំពែងអតីតព្រះបរមរាជវាំងក្រុងអង្គរធំ ត្រូវកប់បាត់ដោយកំណកដី និងដើមឈើ ដោយកត្តាពេលវេលា មនុស្ស និងការប្រែប្រួលអាកាសធាតុ។ ការធ្វើកំណាយស្រាវជ្រាវនេះ ក៏នឹងផ្តល់លទ្ធភាពដល់អាជ្ញាធរជាតិអប្សរា រៀបចំប្រព័ន្ធរំដោះទឹកបុរាណឱ្យមានតួនាទីដើមឡើងវិញ ដើម្បីរំដោះទឹកចេញពីខាងក្នុងបរិវេណអតីតព្រះបរមរាជវាំង ដែលជារៀង រាល់ឆ្នាំនៅរដូវវស្សាមានទឹកដក់ជាប្រចាំ ដែលបណ្តាលមកពីប្រព័ន្ធបង្ហូរទឹកទាំងនោះ ត្រូវបានខូចខាតធ្ងន់ធ្ងរ អស់រយៈពេលរាប់រយឆ្នាំមកហើយ៕

ដោយ៖សំរិត


ចែករំលែក៖