ព័ត៌មានទាន់ហេតុការណ៍៖

ប្តីស្លាប់,ស្ត្រីជាប្រពន្ធ រងរបួសធ្ងន់ ខណៈរថយន្តបុកនៅលើផ្លូវជាតិលេខ៣១ ក្នុងឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស

ចែករំលែក៖

ខេត្តកំពត៖ បុរសម្នាក់ជាប្តីបានស្លាប់នៅនឹងកន្លែង។ ចំណែកស្ត្រីជាប្រពន្ធ រងរបួសយ៉ាងធ្ងន់ ដោយសាររថយន្តធុនធំបុកពេញទំហឹង ពេលកំពុងជិះម៉ូតូឌុបគ្នាលើដងផ្លូវជាតិលេខ៣១ កាលពីវេលាម៉ោង ១១:៣០ នាទីព្រឹក ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះ ស្ថិតក្នុងភូមិព្រៃតាព្រឹត ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។

ប្រភពបានឱ្យដឹងថា ដំបូងឡើយគេឃើញពីរនាក់ប្ដីប្រពន្ធជិះម៉ូតូឌុបគ្នាចេញផ្ទះ១នៅម្តុំជិតវត្តចំការបី ដើម្បីរកគ្រូជួយគន់គូរពីជោគជិតារាសី ។ គ្រូទាយប្រាប់ថា អ្នកមានគ្រោះថ្នាក់ធំណាស់សូមទៅនិមន្តព្រះសង្ឃចម្លង គ្រោះចេញទៅ ។ ជាអកុសលមិនទាន់បានទៅដល់ផ្ទះវិញផង ទាំង២នាក់ប្តីប្រពន្ធបានជួបគ្រោះថ្នាក់ធំពិត ប្រាកដមែន ដោយរថយន្តដឹកស៊ីម៉ងត៍បុកកិនស្លាប់ប្តីភ្លាមៗនៅកន្លែងកើតហេតុ ។

សមត្ថកិច្ចបានឱ្យដឹងថា បុរសដែលបាត់បង់ជីវិត ឈ្មោះ កែប ធឹម អាយុ ៦៨ឆ្នាំ ចំណែកស្ត្រីជាប្រពន្ធឈ្មោះ ដួង ញន អាយុ ៦៥ឆ្នាំ ។ ជនរងគ្រោះទាំង២នាក់ ប្ដី-ប្រពន្ធនេះ រស់នៅភូមិកោះចម្ការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេតកំពត។

ករណីនេះកើតឡើងកាលពីវេលាម៉ោង១១:៣០នាទីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នៅលើកំណាត់ផ្លូវជាតិលេខ៣១ ស្ថិតក្នុងភូមិព្រៃតាព្រឹត ឃុំស្តេចគង់ខាងលិច រវាងម៉ូតូ និងរថយន្តធុនធំ ។ មុនហេតុការណ៍កើតឡើង គេឃើញបុរសម្នាក់បើកម៉ូតូម៉ាក ហុងដាឌ្រីម ផលិតឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត1L-7206 និងឌុបស្ត្រីម្នាក់ ក្នុងទិសដៅពីជើងទៅត្បូង។

សមត្ថកិច្ចបានបន្តថា លុះមកដល់ចំណុចផ្លូវបំបែកជា២ ម៉ូតូបានបើកឆ្លងទៅផ្លូវ ផ្នែកខាងឆ្វេង ដោយខ្វះការប្រុង ប្រយ័ត្នស្របពេលរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 3A-2299 មកពីក្រោយ ក៏បុកពេញទំហឹង បណ្តាលឲ្យបុរសអ្នកបើកម៉ូតូស្លាប់នៅ នឹងកន្លែង យ៉ាងអាណោចអាធម។ ចំណែកស្ត្រីជាប្រពន្ធរងរបួសយ៉ាងធ្ងន់ ត្រូវរថយន្តដឹកទៅកាន់មន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាច ដើម្បីសង្រ្គោះបន្ទាន់ ។ ដោយ ឡែកអ្នកបើកបរបានរត់គេចបាត់ ដោយបន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុ ។

ក្រោយវាស់វែងរួចរាល់ សមត្ថកិច្ចបានប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកស្ត្រីជាប្រពន្ធត្រូវបានរថយន្តដឹកយកទៅសង្គ្រោះបន្ទាន់នៅ មន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាច ខេត្តកំពត៕


ចែករំលែក៖