ព័ត៌មានទាន់ហេតុការណ៍៖

ទាំងអស់គ្នាត្រូវស្វែងយល់ពីអនុក្រឹត្យ០៣ បើមិនដូច្នេះទេបងប្អូន ប្រឈមនឹងការផាកពិន័យធ្ងន់ធ្ងរនិងមានទោសទណ្ឌថែមទៀត

ចែករំលែក៖

ភ្នំពេញ៖ លោក ហ៊ុន សុរិទ្ធី អភិបាលរង រាជធានីភ្នំពេញបានលើកឡើងថា៖ ម្ចាស់ទីតាំង,បុរី, ខុនដូ, អាផាតមិន, លំនៅឋានស្នាក់នៅ, សណ្ឋាគារ, អគារសហកម្មសិទ្ធិទាំងអស់ត្រូវស្វែងយល់ឱ្យបានច្បាស់ពីអនុក្រឹត្យលេខ០៣ អនក្រ បក របស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ បើមិនដូច្នេះទេបងប្អូននឹងប្រឈមការផាកពិន័យធ្ងន់ធ្ងរហើយមានទោសទណ្ឌថែមទៀត។

លោក ហ៊ុន សុរិទ្ធី បានបញ្ជាក់ឱ្យដឹងបែបនេះ ខណៈដែលលោកជាតំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាធិបតីក្នុងពិធីផ្សព្វផ្សាយស្តីពីអនុក្រឹត្យលេខ០៣ អនក្រ បក របស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំទៅដល់ម្ចាស់ទីតាំង បុរី ខុនដូ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅឋានស្នាក់នៅ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញនាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។

លោក ហ៊ុន សុរិទ្ធី បានបញ្ជាក់ថា៖ ការបង្កើតឱ្យមានពិធីផ្សព្វផ្សាយស្តីពីអនុក្រឹត្យលេខ០៣ អនក្រ បក ខាងលើ ជាមួយនឹងការបង្កឱ្យមានការចោទជាសំនួរពីបងប្អូនជាម្ចាស់ទីតាំង បុរី ខុនដូ អាផាតមិន សណ្ឋាគារ អគារសហកម្ម សិទ្ធិ និងលំនៅឋានស្នាក់នៅក្នុងរាជធានីភ្នំពេញនេះ គឺក្នុងគោលបំណងឱ្យបងប្អូនបានយល់ច្បាស់ពីអនុក្រឹត្យ លេខ០៣ អនក្រ បក នេះ ដើម្បីជៀសវាងឱ្យបាននូវការផាកពិន័យធ្ងន់ធ្ងរនិងការមានទោសទណ្ឌ។

លោក ហ៊ុន សុរិទ្ធី បានបញ្ជាក់ថា៖ អនុក្រឹត្យលេខ០៣ អនក្រ បក នេះ បើម្ចាស់ទីតាំងជួលឱ្យជនបរទេសស្នាក់នៅធ្វេសប្រហែសខកខានមិនបំពេញកាតព្វកិច្ចរាយការណ៍អំពីការស្នាក់របស់ជនបរទេស ហើយមានបទល្មើសកើតឡើងនោះ នឹងត្រូវផាកពិន័យចំនួន៤លានរៀលសម្រាប់ជនបរទេសម្នាក់ ចុះបើ១០ទៅ២០នាក់ ថាតើនឹងអស់លុយប៉ុន្មាន។ ដូច្នេះសូមបងប្អូនជាម្ចាស់ទីតាំងស្វែងយល់ឱ្យបានច្បាស់ពីអនុក្រឹត្យនេះ ជៀសវាងទទួលការផាកពិន័យធ្ងន់ធ្ងរហើយមានទោសទណ្ឌថែមទៀត។

លោក ឆាយ វីរៈ បានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលបង្កើតឱ្យមានអនុក្រឹត្យលេខ០៣ អនក្រ បក នេះឡើង គឺក្នុងគោលបំណងសម្រួលដល់ការអនុវត្តកិច្ចប្រតិបត្តិការរបស់អាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)។ ការអញ្ជើញបងប្អូនមកស្តាប់នៅពេលនេះ គឺដើម្បីឱ្យបងប្អូនបានយល់ច្បាស់ពីអនុក្រឹត្យលេខ០៣ អនក្រ បកនេះ ហើយបើមានការសង្ស័យត្រូវរាយការណ៍មកអាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ច ជៀសវាងឱ្យបាននូវការផាកពិន័យធ្ងន់ធ្ងរនិងការមានទោសទណ្ឌ។

សូមបញ្ជាក់ថា យោងតាមមាត្រា១៩ នៃអនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ បានឱ្យដឹងថា ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំដែលធ្វេសប្រហែសខកខានមិនបំពេញកាតព្វកិច្ចរាយការណ៍អំពីការស្នាក់របស់ជនបរទេសទេ នឹងត្រូវផាកពិន័យចំនួន៤លានរៀល ដោយមិនទាន់គិតដល់ព្យសនកម្មដែលកើតឡើងពីការធ្វេសប្រហែស។ សម្រាប់មាត្រា២០ ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំដែលមានចេតនាលាក់បាំង និងអនុញ្ញាតឱ្យជនបរទេសដែលចូលមកកម្ពុជាដោយខុសច្បាប់ស្នាក់នៅក្នុងទីតាំងស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ខ្លួន ត្រូវផាកពិន័យជាប្រាក់៤លានរៀលសម្រាប់ជនបរទេសម្នាក់ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌ៕

ដោយ៖សំរិត


ចែករំលែក៖