ខេត្តស្វាយរៀង៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានថ្លែងណែនាំរដ្ឋបាលក្រុងស្រុកត្រូវដាក់ផែនការសម្អាតអនាម័យបរិស្ថាននៅទីសាធារណៈក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានស្អាតជាពិសេសនៅតាមបណ្តោយផ្លូវជាតិ ឫទីប្រជុំជននានា។
ការថ្លែងលើកឡើងបែបនេះរបស់អភិបាលខេត្តស្វាយរៀង បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅការងារខែមេសា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀងនាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២៦។
ក្នុងកិច្ចប្រជុំនោះ លោក អភិបាលខេត្តបានថ្លែងនូវការអរគុណចំពោះកងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ដែលបានយកចិត្តសហការការការពារសន្តិសុខសណ្តាប់បានល្អជូនដល់ប្រជាពលរដ្ឋ ទន្ទឹមនេះក៏សូមអរគុណ ក្រុមហ៊ុនហ័រសាំង អ៊ិនធើណេសិនណាល អេសហ្សិត ឯ.ក ដែលបានផ្តល់ជំនួយឧបត្ថម្ភអំពូលភ្លើងសូឡាចំនួន ១,៨០០ដើម សម្រាប់បំភ្លឺផ្លូវសាធារណៈ នៅតាមបណ្តោផ្លូវជាតិលេខ១ ចាប់ពីក្រុងស្វាយរៀង ស្រុកស្វាយទាប និងក្រុងបាវិត ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនាពេលយប់។
បន្ថែមលើសពីនេះ លោក អភិបាលខេត្តក៏បានដាក់ចេញនូវទិសដៅសំខាន់ៗមួយចំនួនដូចខាងក្រោម៖
*ទី១៖ អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវពិនិត្យតាមដានរាល់កម្មភាពនៅតាមអាគារ ឬទីតាំងណាដែលការសង្ស័យថា មានករណី (អនឡាញស្គេម) ត្រូវរាយការណ៍ជូនដល់សមត្ថកិច្ចជំនាញពាក់ព័ន្ធ ដើម្បីចុះពិនិត្យបោសសម្អាតឱ្យដល់ ឬសគល់ចេញពីមូលដ្ឋានដោយមិនមានការលើកលែងឡើយ។
*ទី២៖ ត្រូវខិតខំទប់ស្គាត់ឱ្យបានម៉ឺងម៉ាត់ រាល់សកម្មភាពរបស់ប្រជាពលរដ្ឋមួយចំនួនដែលសង់ទន្ទ្រានលើដីរបស់រដ្ឋដូចជា ដីចំណីផ្លូវ ព្រែក ប្រឡាយ ស្ទឹង បឹងបួរជាដេីម ត្រូវទប់ស្កាត់ដោះស្រាយឱ្យបានទាន់ពេលវេលា។
*ទី៣៖ បន្តពង្រឹងការបង្ក្រាបក្មេងទំនើង បញ្ហាសន្តិសុខសណ្តាប់ធ្នាប់ និងទប់ស្កាត់ការជួញដូរចែកចាយ ប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានឲ្យបានម៉ឺងម៉ាត់។
*ទី៤៖ រដ្ឋបាលក្រុង/ស្រុកត្រូវ បន្តការសហការតាមដានព័ត៌មានដែលបានផ្សាយពីចំណុចអវិជ្ជមាននានាពីមូលដ្ឋានរបស់ខ្លួន និងត្រូវពិនិត្យដោះស្រាយ ឆ្លើយតបឱ្យបានត្រឹមត្រូវទាន់ពេលវេលា។
*ទី៥៖ ក្រុមការងារអនុគណៈកម្មការសង្ក្រាន្តស្វាយរៀងត្រូវរៀបចំការងាររបស់ខ្លួនទៅតាមតួនាទីភារកិច្ចរបស់អនុគណៈកម្មការនីមួយៗអោយបានទាន់ពេលវេលាសម្រេចតាមផែនការដែលបានគ្រោងទុក ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតខ្មែរ ដែលនិងឈានចូលមកដល់នៅពេលខាងមុខនេះ៕

ដោយ៖សុថាន
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច