ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងពេលខាងមុខ ក្រសួង ស្ថាប័ននីមួយៗ នឹងមានថ្នាលឌីជីថលរួមមួយ ដើម្បីដំណើរការចរន្តឯកសារឱ្យមានភាពលឿនរហ័ស មានប្រសិទ្ធភាពខ្ពស់ ហើយកាត់បន្ថយរបាំងរដ្ឋបាល

ចែករំលែក៖

ភ្នំពេញ : ផ្នែកមួយនៃការកែទម្រង់រដ្ឋបាលសាធារណៈ គឺជាគំនិតផ្តួចផ្តើមចងក្រងជាបណ្តាញអគ្គលេខាធិការដ្ឋាន។ តាមរយៈបណ្តាញនេះ អគ្គលេខាធិការដ្ឋាននៃក្រសួង ស្ថាប័ននីមួយៗបានសហការ ជួបពិភាក្សាគ្នាជាបន្តបន្ទាប់ក្នុងការ បង្កើតថ្នាលបច្ចេកវិទ្យាឌីជីថលមួយដើម្បីជួយសម្រួលដល់ការងាររដ្ឋបាល និងការប្រតិបត្តិការងារប្រចាំថ្ងៃរបស់ក្រសួង ស្ថាប័ន ក្នុងការគ្រប់គ្រង បញ្ជូន ប្រគល់ និងទទួលឯកសាររវាងគ្នា ទៅវិញទៅមក ឱ្យមានភាពលឿនរហ័ស សុវត្ថិភាព និងមានប្រសិទ្ធភាពខ្ពស់។ សារៈសំខាន់ចម្បងនៃការអនុវត្តប្រព័ន្ធថ្នាលឌីជីថលនេះ ជាការកាត់បន្ថយការប្រើប្រាស់ឯកសារក្រដាស កាត់បន្ថយពេលវេលា និងបង្កើនប្រសិទ្ធភាពការងាររដ្ឋបាលឱ្យកាន់តែលឿន និងទាន់ពេលវេលា។

តាមរយៈកិច្ចប្រជុំជាបន្តបន្ទាប់កន្លងមក និងក្នុងពេលនេះ បណ្តាញអគ្គលេខាធិការដ្ឋានបានពិភាក្សាគ្នាយ៉ាងស្និតស្នាល ធ្វើយ៉ាងណាឱ្យការអនុវត្តថ្នាលឌីជីថលនេះមានភាពសាមញ្ញ ងាយស្រួលប្រើប្រាស់ និងអាចអនុវត្តបានជាក់ស្តែងនៅគ្រប់ក្រសួង ស្ថាប័ន។

កិច្ចប្រជុំពិភាក្សាលើការរៀបចំថ្នាលឌីជីថល សម្រាប់ការគ្រប់គ្រង និងការបញ្ជូនឯកសារ និងនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការគ្រប់គ្រង ប្រគល់ និងទទួលឯកសាររបស់ក្រសួង ស្ថាប័ន បានធ្វើនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ម្សិលមិញ ៕

ដោយ : សិលា


ចែករំលែក៖