ព័ត៌មានទាន់ហេតុការណ៍៖

ជនបរទេស ៩៣៩នាក់ខុសច្បាប់ ត្រូវបានបណ្ដេញចេញ​ពី​ព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គនាយក​អន្តោ​ប្រវេសន៍​ នៃក្រសួងមហាផ្ទៃ​ បានឱ្យដឹងថា​ សមត្ថកិច្ចជំនាញ​របស់នាយកដ្ឋានស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បានបន្តធ្វើ​កាបណ្ដេញចេញជនបរទេសសរុបចំនួន​ ៩៣៩នាក់ខុសច្បាប់ ចេញ​ពី​ព្រះរាជាណាចក្រកម្ពុជា​ តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។

ប្រភពដដែលបន្តថា​ ជាក់ស្ដែង​នៅថ្ងៃទី២០ដល់២៣ ខែមីនា ឆ្នាំ២០២៦ អនុវត្តតាម​អនុសាសន៍​​របស់លោក​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកសន្តិបណ្ឌិត និង​ថ្នាក់​ដឹកនាំ​ក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោ​ប្រវេសន៍ កាលពីថ្ងៃទី​២៤​ មីនា​ម្សិលមិញនេះ​ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បន្តធ្វើ​កាបណ្ដេញចេញជនបរទេសសរុបចំនួន ៩៣៩នាក់ ស្រី១១៣នាក់ មាន២២សញ្ជាតិ រួមមាន ៖ ប៉ាគីស្ថាន ឥណ្ឌា ឥណ្ឌូនេស៊ី យ៉ូហ្គង់ដា ស្រីលង្កា ចិន មីយ៉ាន់ម៉ា បង់ក្លាដេស នីហ្សេរីយ៉ា ចិនតៃវ៉ាន់ ម៉ាឡេស៊ី កាមេរូន ហ្គាណា កេនយ៉ា ឡាវ ថៃ កូរ៉េ អ៉ីតាលី វៀតណាម អេត្យូពី ជប៉ុន និងរវ៉ាន់ដា ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា ក្នុងនោះមានជនជាតិវៀតចិនចំនួន ៣៣១នាក់ (ស្រី ១៦នាក់) ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ និងជនបរទេសមួយចំនួនទៀតពាក់​ព័ន្ធករណីលួចឆ្លងដែន បន្លំឯកសារក្លែងក្លាយ ស្នាក់នៅគ្មានលិខិតឆ្លងដែន ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ ( QR Code ក្លែងក្លាយ) ឆបោកតាមប្រព័ន្ធអនឡាញ និងធ្វើ​ការងារ​ខុស​ច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។ 

ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕ដោយ​៖តារា​


ចែករំលែក៖