អន្ដរជាតិ៖ រុស្ស៊ីបាញ់យន្តហោះគ្មានមនុស្សបើក និងមីស៊ីលជិត១០០០គ្រាប់ទៅលើអ៊ុយក្រែនក្នុងរយៈពេលត្រឹមតែ២៤ម៉ោងប៉ុណ្ណោះ ដែលជាការវាយប្រហារដ៏ធំបំផុតចាប់តាំងពីជម្លោះបានចាប់ផ្តើមកាលពីជាងបួនឆ្នាំមុន។
យោងតាម ABC Newsបានឱ្យដឹងថារុស្ស៊ីបានបាញ់យន្តហោះគ្មានមនុស្សបើកនិងមីស៊ីលជិត ១០០០ គ្រាប់ទៅលើអ៊ុយក្រែន ដោយចាប់ផ្តើមពេញមួយយប់ និងបន្តរហូតដល់ថ្ងៃទី ២៤ ខែមីនា (ម៉ោងក្នុងស្រុក)។
នេះគឺជាចំនួនយន្តហោះគ្មានមនុស្សបើក និងមីស៊ីលច្រើនបំផុតដែលត្រូវបានប្រើប្រាស់ក្នុងរយៈពេល ២៤ ម៉ោងចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងកាលពីជាងបួនឆ្នាំមុន។ យោងតាមមន្ត្រីអ៊ុយក្រែន ការវាយប្រហារនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧ នាក់ និងរបួស ៧៣ នាក់ រួមទាំងកុមារផងដែរ។
កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា ក្នុងអំឡុងពេលយប់តែមួយ ពួកគេបានរកឃើញយន្តហោះគ្មានមនុស្សបើកវាយប្រហារតាមអាកាសចំនួន ៤២៦ ។ នៅពេលថ្ងៃ រុស្ស៊ីបានបាញ់យន្តហោះគ្មានមនុស្សបើកចំនួន ៥៥៦ គ្រឿងទៀត ដែលក្នុងនោះ ៥៤១ គ្រឿងត្រូវបានបាញ់ទម្លាក់។
ការវាយប្រហារទាំងនោះត្រូវបានប្រមូលផ្តុំយ៉ាងខ្លាំងនៅភាគខាងលិចអ៊ុយក្រែន ដែលជាតំបន់មួយដែលពីមុនត្រូវបានចាត់ទុកថាមានសុវត្ថិភាព។
គោលដៅស៊ីវិលជាច្រើនត្រូវបានរងផលប៉ះពាល់ រួមទាំងតំបន់លំនៅដ្ឋាន និងមន្ទីរពេទ្យសម្ភព។
នៅទីក្រុង Lviv យន្តហោះគ្មានមនុស្សបើកមួយគ្រឿងបានធ្លាក់ចូលទៅក្នុងតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដោយបានដុតបំផ្លាញអគារលំនៅដ្ឋានមួយនៅជិតព្រះវិហារ Bernardine សតវត្សរ៍ទី 16៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច