ព័ត៌មានទាន់ហេតុការណ៍៖

លោក លឹម គានហោ ចុះត្រួតពិនិត្យការដ្ឋានសាងសង់ប្រឡាយកុមារ និងអាងទឹកត្រពាំងថ្មស្ដុកទឹកបាន១៨០លានម៉ែត្រគូប

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃ ទី១៥ ខែតុលា ឆ្នាំ ២០១៦ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និង ឧតុនិយមបានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ប្រឡាយកុមារស្ថិតក្នុងស្រុកព្រះនេត្រព្រះ និងការដ្ឋានអាងទឹកត្រពាំងថ្ម ស្ថិតក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

ថ្លែងក្នុងឱកាសចុះពិនិត្យការដ្ឋានទាំង២ ខាងលើនេះលោករដ្ឋមន្ត្រីបានមានប្រសាសន៍ ថា អាងទឹកត្រពាំងថ្មគឺជាអាងទឹកដ៏សំខាន់មួយ ។ ដោយសារជំនន់ឆ្នាំ ២០១១ និង ឆ្នាំ២០១៣កន្លងទៅបានធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធអាងទឹកនេះទ្រុឌទ្រោមយ៉ាងខ្លាំង ដែលតម្រូវឲ្យក្រសួងធ្វើការជួសជុលឡើងវិញជាបន្ទាន់ ដើម្បីធានាបាននូវការស្រូបយកទឹកជំនន់ពីស្ទឹងស្រែងផង និងរក្សាទឹកទុកបម្រើឲ្យការស្រោចស្រពដំណាំស្រូវ ទាំងវស្សា និងប្រាំង របស់កសិករនៅតំបន់ នេះផង ។ មកដល់បច្ចប្បន្នការងារជួស ជុលឡើងវិញនេះ សម្រេចបានជាង៩០ ភាគរយហើយ ។ អាងទឹកត្រពាំងថ្មអាច ស្តុកទឹកបាន១៨០លានម៉ែត្រគូប និងផ្តល់ ទឹកសម្រាប់ការស្រោចស្រពលើផ្ទៃដីស្រូវ វស្សា២៧.០០០ហិកតា និងស្រូវប្រាំង ១៥.០០០ហិកតា ។

បន្ទាប់ពីបានពិនិត្យការដ្ឋានអាងទឹក ត្រពាំងថ្ម លោករដ្ឋមន្ត្រី បានបន្តអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ប្រឡាយកុមារ ស្ថិតក្នុងស្រុកព្រះនេត្រព្រះ ។ ប្រឡាយ កុមារ មានតួនាទីយ៉ាងសំខាន់ជាប្រឡាយ រំដោះទឹកជំនន់ផង និងប្រឡាយស្រោចស្រព ផង ។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ជារៀង រាល់ឆ្នាំ ពេលមានជំនន់ស្ទឹងស្រែង ឬពេលខ្លះដែលជំនន់ហូរធ្លាក់មកពីប្រទេសថៃ តំបន់ឃុំភ្នំលៀប និងឃុំជិតខាងតែងតែ ជោរជន់ និងលិចត្រាំក្នុងរយៈពេលយូរ ធ្វើឲ្យខូចខាតផលដំណាំ និងហេដ្ឋារចនា សម្ព័ន្ធផ្សេងៗ ។ ដោយពិនិត្យឃើញ បញ្ហានេះ ទើបក្រសួងបានកសាងប្រឡាយ នេះឡើង ដើម្បីរំដោះទឹកជំនន់ទៅកាន់បឹងទន្លេសាបឲ្យបានឆាប់ ព្រមជាមួយនេះ វាក៏ជាប្រឡាយស្រោចស្រពផងដែរ ។

លោករដ្ឋមន្ត្រីបន្តថា ឥឡូវនេះតួទំនប់ អាងទឹកត្រពាំងថ្ម ត្រូវបានពង្រឹងរួចហើយ ឯប្រព័ន្ធរំដោះទឹកក៏បានរៀបចំរួចហើយដែរ អ្វីដែលនៅសល់ គឺត្រូវធ្វើយ៉ាងណា ទាញយកទឹកជំនន់ពីស្ទឹងស្រែង ទៅស្តុកទុកក្នុងអាងត្រពាំងថ្មឲ្យបានកាន់តែឆាប់ពេញ កុំឲ្យទឹកហូរចូលទៅបឹងទន្លេសាបដោយ ឥតប្រយោជន៍ និងម្យ៉ាងទៀត គឺការទាញយកទឹកពីអាងមកប្រើប្រាស់ឲ្យអស់លទ្ធភាព ។ ដើម្បីសម្រេចបាននូវទិសដៅនេះ លោករដ្ឋមន្ត្រីបានដាក់ផែនការឲ្យអ្នកបច្ចេកទេស សិក្សាដើម្បីសាងសង់ប្រឡាយមេ១ ខ្សែទៀត មានប្រវែងប្រមាណ៨គីឡូម៉ែត្រដើម្បីនាំទឹកពីស្ទឹងស្រែងមកបញ្ចូលក្នុង អាងត្រពាំងថ្ម ។ ទន្ទឹមនឹងនេះការធ្វើអនុត្តរ ភាពប្រព័ន្ធធារាសាស្ត្រអាងទឹកត្រពាំងថ្ម ក៏ត្រូវជំរុញបន្តទៀត ដើម្បីពង្រីកលទ្ធភាពស្រោចស្រពឲ្យបានកាន់តែទូលំទូលាយ និង រុញទឹកឲ្យចូលទៅដល់ស្រែរបស់បងប្អូនប្រជាកសិករ ។

ទាក់ទងទៅនឹងស្ថានភាពទឹក និងការងារបង្កបង្កើនផលស្រូវវស្សានៅក្នុងខេត្ត បន្ទាយមានជ័យត្រូវបានលោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត រាយការណ៍ជូនលោករដ្ឋមន្ត្រីថា ការអនុវត្តការងារបង្កបង្កើនផលស្រូវវស្សាបានបញ្ចប់ហើយ ដោយសម្រេចបានលើផ្ទៃដីចំនួន ២៤៧.០១៥ហិកតា ស្មើនឹង១០០,៨២ ភាគរយនៃផែនការពោល គឺបានលើស ផែនការចំនួន២.០១៥ហិកតា ។ ចំពោះ ស្ថានភាពទឹកនៅតាម បណ្តាប្រព័ន្ធធារាសាស្ត្រនានានៅពេលនេះ គឺយើងមានពេញបរិបូរណ៍ដែលអាចធានាផ្គត់ផ្គង់ទាំងស្រូវ វស្សា និងការផលិតស្រូវប្រាំងនាពេលខាងមុខតាមផែនការកំណត់ ៕ សុខ ខេមរា

hoa-7 hoa-6 hoa-5 hoa-3 hoa-4 hoa-8 hoa-9 hoa-2 hoa-1


ចែករំលែក៖