ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ត្រូវបាននគរបាលស្រុកកណ្ដាលស្ទឹងឃាត់ខ្លួន ករណីកាន់កាប់អាវុធសម្រាប់ប្រហារដោយខុសច្បាប់ ។ ការឃាត់ខ្លួននេះ ធ្វើឡើងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ដែលករណីនេះបានកើតឡើងកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១៥ និង៤០នាទី នៅចំណុចភូមិក្រាំងទ្រា ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ MA RONGZHAI ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិចិន បច្ចុប្បន្នស្នាក់នៅភូមិក្រាំងទ្រា ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល មានមុខរបរជាជាងបាញ់ថ្នាំឡាន ។ ចំណែកជនសង្ស័យឈ្មោះ ចាន់ រ៉ា ភេទប្រុស អាយុ៤៣ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុងភូមិក្រាំងទ្រា ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។ វត្ថុតាងចាប់យកមាន: កាំបិតប៉័ងតោ០១ ផ្លែដែកដងជ័រពណ៌ខ្មៅ ប្រវែង៣២សង់ទីម៉ែត្រ។
ប្រភពដដែលបន្តថា តាមការបំភ្លឺរបស់ឈ្មោះ យឹម សុភ័ក្រ ត្រូវជាប្រពន្ធជនរងគ្រោះបានឲ្យដឹងថា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ រូបខ្លួនបានបញ្ឈប់ការងារឈ្មោះ សុគន្ធ សុខា ត្រូវជាប្រពន្ធរបស់ជនសង្ស័យ ហើយមិនទាន់បានទូទាត់ប្រាក់ខែឲ្យចំនួន២២០$ ដោយសន្យាថា ២ទៅ៣ថ្ងៃទៀតទើបបើកប្រាក់ខែឲ្យ។ បន្ទាប់មកនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង០៧និង០០នាទី ជនរងគ្រោះបានបើកហាងដើម្បីប្រកបអាជីវកម្មជាធម្មតា ដែលមានទីតាំងស្ថិតក្នុងភូមិក្រាំងទ្រា ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល លុះដល់វេលាម៉ោង១៥និង៤០នាទីនាថ្ងៃដដែល ពេលខ្លួនកំពុងតែលក់ដូរ ភ្លាមនោះស្រាប់តែជនសង្ស័យត្រូវជាប្តីរបស់ឈ្មោះសុគន្ធ សុខា ហើយជាកម្មកររបស់ខ្លួនផងដែរ បានដើរដោះអាវចូលមកក្នុងហាងនិងដៃមានកាន់កាំបិតប័ុងតោមកជាមួយផង មករករឿងរូបខ្លួនពីរឿងលុយប្រាក់ខែដែលខ្លួនមិនទាន់ទូទាត់ឲ្យប្រពន្ធរបស់ជនសង្ស័យ ដោយខ្លួនបាននិយាយជាមួយជនសង្ស័យជាភាសាចិនបកប្រែជាភាសាខ្មែរថា ចាំប្រពន្ធរបស់ខ្លួនលក់បាននឹងទូទាត់ឲ្យ តែដោយសារមិនមានអ្នកបកប្រែទើបមិនអាចស្ដាប់គ្នាបាន។ ក្រោយមកជនសង្ស័យបានយារកាំបិតដែលកាន់នឹងដៃនោះដាក់រូបខ្លួនជាច្រើនដងតែមិនបានកាប់នោះទេ។ បន្ទាប់មកជនសង្ស័យបានយកកាំបិតប័ុងតោនោះកាប់ទៅលើទ្រូងខ្លួនឯង ដែលក្រោយពីកាប់ខ្លួនឯងរួចជនសង្ស័យបានកាន់កាំបិតខាងលើដើរចេញទៅក្រៅវិញ។ បន្ទាប់មកទៀតនៅវេលាម៉ោង១៨និង២៥នាទីជនសង្ស័យនិងប្រពន្ធបានមកដល់ផ្ទះរបស់ខ្លួនម្ដងទៀត រួចប្រពន្ធរបស់ខ្លួនក៏បានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះពុទ្ធ។
ក្រោយទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យដើម្បីសាកសួរ។ តាមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា ខ្លួនពិតជាបានកាន់កាំបិតចូលទៅហាងរបស់ជនរងគ្រោះ ហើយកាប់ខ្លួនឯងចំនួន០៤កាំបិតចំលើដោះ០២កាំបិតនិងក្រោមដោះ០២កាំបិតផ្នែកខាងឆ្វេងបណ្ដាលឲ្យរងរបួសខ្លួនឯងប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច