ប្រទេសចិន៖ លោក Cai Qi សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃមជ្ឈិមបក្សកុម្មុយនីស្តចិន នៅថ្ងៃទី ២៥ មីនា បានចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក្នុងឱកាសព្រះអង្គទាំងទ្វេកំពុងគង់ប្រថាប់ពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង។
យោងតាមប្រព័ន្ធផ្សព្វផ្សាយចិន លោក Cai Qi បានសង្កត់ធ្ងន់ពីស្ថានភាពអន្តរជាតិមានការប្រែប្រួល តែចំណងមិត្តភាពរវាងចិន និងកម្ពុជា នៅតែរឹងមាំ និង រីកចម្រើនជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ ហើយប្រទេសចិន បានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយកម្ពុជា ដើម្បីអនុវត្តតាមកិច្ចព្រមព្រៀងដែលមេដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នា សំដៅពង្រឹងទំនុកចិត្តជាយុទ្ធសាស្ត្រ និង ជំរុញកិច្ចសហប្រតិបត្តិការសហគមន៍វាសនារួម ចិន-កម្ពុជា ឱ្យកាន់តែមានសមិទ្ធផលថ្មីៗបន្ថែមទៀតនៅក្នុងយុគសម័យថ្មីនេះ។
ជាការឆ្លើយតប ព្រះករុណា ព្រះមហាក្សត្រ និងព្រះវររាជមាតាជាតិខ្មែរ បានមានព្រះរាជបន្ទូលថា មិត្តភាពដែកថែបរវាងកម្ពុជា និងចិន ដែលត្រូវបានកសាងឡើងដោយថ្នាក់ដឹកនាំជំនាន់មុន គឺនៅតែស្ថិតស្ថេរ និងមិនអាចរង្គោះរង្គើបានឡើយ។ ព្រះអង្គទាំងទ្វេបានបញ្ជាក់ថា កម្ពុជានៅតែបន្តប្រកាន់ខ្ជាប់នូវ «គោលនយោបាយចិនតែមួយ» និងគាំទ្ររាល់គំនិតផ្ដួចផ្ដើមនានារបស់ភាគីចិន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងរួមចំណែកនាំមកនូវសន្តិភាព និងស្ថិរភាពដល់ពិភពលោក។
គួរបញ្ជាក់ថា ដំណើរយាងទៅកាន់ទីក្រុងប៉េកាំងនាឱកាសនេះ គឺដើម្បី ពិនិត្យព្រះរាជសុខភាពជាទៀងទាត់ ស្របពេលដែលយាងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ចិន ក្នុងគោលបំណងសំខាន់ ដើម្បីបន្តរឹតចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការតំបន់វាសនារួម កម្ពុជា-ចិន ឱ្យកាន់តែរឹងមាំថែមទៀត៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច