ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខេត្តព្រះសីហនុបង្ក្រាបទីតាំងសង្ស័យ Online Scams នៅកាស៊ីណូ ជីន យូ មេន តាំង ឃាត់ខ្លួនមនុស្សចំនួន ៩នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ក្នុងយុទ្ធនាការរឹតបន្តឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ កម្លាំងសមត្ថកិច្ចចម្រុះនៃ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុបានបន្ត ចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងសង្ស័យ មានការពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ជាបន្តបន្ទាប់។ យោងតាមរបាយការណ៍ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ចចម្រុះនៃរដ្ឋបាលខេត្តបានឱ្យដឹងថា ក្រុមការងារបានចុះត្រួតពិនិត្យផ្ទះដែលជាទីតាំងសង្ស័យ ចំនួន ៨០ខ្នង ក្នុងបុរី គុជ អាស៊ី ស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះស៊ីហនុ។ ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានដកហូតសម្ភារៈ សង្ស័យរួមមានកុំព្យូទ័រចំនួន ១៣៣គ្រឿង, ទូរសព្ទដៃ ៤៣៩គ្រឿង និងកាំភ្លើងខ្យល់ចំនួន ៥ដើម។

ក្នុងការចុះត្រួតពិនិត្យជុំទី៣នៅ កាស៊ីណូ ជីន យូ មេន តាំង ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះស៊ីហនុ សមត្ថកិច្ចបានប្រទះឃើញ ជនសង្ស័យ ចំនួន ៩នាក់ រួមជាមួយវត្ថុតាងមួយចំនួនពាក់ព័ន្ធ នឹងការធ្វើ សកម្មភាពឆបោក ដូចជាកុំព្យូទ័រ និងទូរសព្ទដៃ ដែលសមត្ថកិច្ចបានប្រមូលទុកជាភស្តុតាង សម្រាប់ការបន្តនីតិវិធីច្បាប់។ បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ តាមនីតិវិធីច្បាប់។

គិតត្រឹមថ្ងៃទី២៦ ខែមីនានេះ សមត្ថកិច្ចចម្រុះនៃរដ្ឋបាល ខេត្តព្រះស៊ីហនុ បានបង្ក្រាបទីតាំងពាក់ព័ន្ធនឹងបទល្មើស Online Scams បានចំនួន ១៦ទីតាំងហើយ ក្នុងចំណោមទីតាំងសង្ស័យ សរុបចំនួន ៥៩៦ ដែលបានត្រួតពិនិត្យក្នុងក្របខណ្ឌនៃ ការអនុវត្តអនុក្រឹត្យលេខ ០៣៕

 

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖