ខេត្តពោធិ៍សាត់៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៦នេះ បានប្រកាន់ជំហរដាច់ខាត ដោយមិនទទួលស្គាល់ការកែប្រែខ្សែបន្ទាត់ព្រំដែន តាមរយៈការប្រើកម្លាំងឡើយ ហើយកម្ពុជានឹងបន្ត ជ្រើសរើសការតវ៉ាតាមផ្លូវ«ការទូត និងផ្លូវច្បាប់»ដើម្បីចាប់ឱ្យថៃប្រគល់ទឹកដីមកកម្ពុជាវិញ។
ការប្រកាសបែបនេះរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នាឱកាសលោកជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹក ចំនួន ៧៦ គ្រួសារ ដែលថៃដាក់ទូរកុងតឺន័រ និង រាយបន្លាលួស មិនឱ្យចូលផ្ទះនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ “ជម្រើសតាមផ្លូវយោធា គឺយើងមិនចង់បាននោះទេ តែយើងត្រូវបង្ខំចិត្តធ្វើ ដើម្បីការពារទឹកដីរបស់យើង ហើយយើងការពារនូវទឹកដីដែលបន្សល់ទុកតាំងពីសម័យអាណានិគមបារាំង”។
ប្រមុខការទូតកម្ពុជា បានលើកឡើងដោយបកអាក្រាតសកម្មភាពឈ្លានពានរបស់ថៃលើដែនអធិបតេយ្យជាតិកម្ពុជា តាមរយៈបំពានបទឈប់បាញ់ មិនគោរពតាមច្បាប់អន្តរជាតិ ជាពិសេស ឯកសារនានាដែលអាណានិគមបារាំងបង្សល់ទុក ដើម្បីរៀបចំព្រំដែនរវាងកម្ពុជា និង ថៃ។
សកម្មភាពឈ្លានពានដោយកំរោលពីយោធាថៃនេះ បានបង្ខំចិត្តឱ្យរាជរដ្ឋាភិបាលកម្ពុជា ត្រូវជ្រើសរើសតវ៉ាតាមផ្នែកការទូត និងច្បាប់អន្តរជាតិ។
បន្ថែមពីនេះ ប្រមុខការទូតកម្ពុជា បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តខិតខំប្រឹងប្រែងតវ៉ាតាមច្បាប់អន្តរជាតិនានា ដើម្បីទាមទារទឹកដីកម្ពុជាពីថៃមកវិញ ដោយឈរលើផែនទីមាត្រដ្ឋាន ១:២០០.០០០ ស្របតាមអនុសញ្ញា បារាំង-សៀមឆ្នាំ១៩០៤ និង សន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ និងឯកសារនានាដែលកម្ពុជា និងថៃ ធ្លាប់បានឯកភាពគ្នាជាច្រើនមក៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច