ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមុខសញ្ញាធ្វើសកម្មភាពលួចម៉ូតូ ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងសមត្ថកិច្ច​ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ ក្រសួង​មហាផ្ទៃ​ នៅព្រឹកថ្ងៃ​ទី​២៩​ ខែមីនា​ ឆ្នាំ​២០២៦នេះ​ បានឱ្យដឹងថា​ ជនសង្ស័យម្នាក់ ជាមុខសញ្ញាធ្វើសកម្មភាពលួចម៉ូតូ ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ​ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ​ឃាត់ខ្លួនយកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​។

ក្នុងប្រតិបត្តិការនោះ​ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង០០៖៥៣នាទីអាធ្រាត លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន ចូលរួមដោយលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ និងលោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង នាយការិយាល័យបានដឹកនាំកម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ស្ថិតនៅត្រង់ផ្លូវ៣០ម៉ែត្រ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យពាក់ព័ន្ធនឹងករណីលួច(ម៉ូតូ) ដែលបានប្រព្រឹត្តនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១៤:៣០នាទី នៅត្រង់ចំណុចមុខបន្ទប់ជួល ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យខាងលើមានឈ្មោះ បុល សុខចំណាន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ។ សម្ភារៈដកហូតរួមមាន៖

-ដែកសំប៉ែតមុខស្រួចចំនួន ០២ដើម និង សោរលេខ ០៨ ចំនួន ០១ដើម (ឧបករណ៍សម្រាប់កាច់សោរកម៉ូតូ)

-ដាវដែកចំនួន ០២ដើម និងកាំបិតចំនួន ០២ដើម

-ស្លាកលេខម៉ូតូចំនួន ០៤សន្លឹក (ភ្នំពេញ1IK-8776, ភ្នំពេញ1GA-7070, បាត់ដំបង1P-9401 និង ស្វាយរៀង1U-8489)។

បច្ចុប្បន្នកម្លាំងជំនាញនាំជនសង្ស័យខាងលើ យកមកនាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕ដោយ​៖តារា


ចែករំលែក៖