ភ្នំពេញ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នពេញ នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា បន្ទាប់ពីបើកការស្រាវជ្រាវអស់រយៈពេលជាច្រើនថ្ងៃមក នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល បានចុះបង្រ្កាប និងឃាត់ខ្លួន ជនសង្ស័យចំនួន០៤នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចលើផ្លូវបេតុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ និងបន្ទប់ជួលគ្មានលេខ ភូមិទួលពង្រ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ និងចំណុច ផ្ទះជួលលេខ១៣(បុរីML) ភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល និងបន្តទៅឆែកឆេរនៅចំណុច បន្ទប់ជួលលេខ១៤ ភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
វត្ថុតាងចាប់យករួមមាន ៖ ម្សៅក្រាមសថ្លាចំនួន ១៦កញ្ចប់ ស្មើនឹងទម្ងន់ (៦៩៤,៨៨ក្រាម), ជញ្ជីងអេឡិចត្រូនិកសម្រាប់ថ្លឹងចំនួន០១គ្រឿង, ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន ចំនួន ០១ រួមនឹងសម្ភារមួយចំនួនទៀតផងដែរ។
ជនសង្ស័យទាំង០៤នាក់ រួមមាន ៖ ១/ឈ្មោះ សាន្ដ ភារៈ ហៅទី ភេទប្រុស អាយុ២៩ឆ្នាំ, ២/ឈ្មោះ ហាន សុឃីម ហៅម៉ាប់ ភេទប្រុស អាយុ២៧ឆ្នាំ, ៣/ឈ្មោះ ថន ធូ ហៅធូ ភេទប្រុស អាយុ៣២ឆ្នាំ, ៤/ឈ្មោះ ឈុន ពិសិដ្ឋ ហៅមាន់ ភេទប្រុស អាយុ៣៥ឆ្នាំ។
បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច