ព័ត៌មានទាន់ហេតុការណ៍៖

លោក លី ធុជ ស្នើឱ្យUN-OHRLLS ផ្តល់ការគាំទ្រដល់កម្ពុជា ដើម្បីឱ្យធានាបានការចាកចេញពីឋានៈប្រទេសការអភិវឌ្ឍតិចតួចដោយរលូនប្រកបដោយចីរភាព នៅក្នុងឆ្នាំ២០២៩

ចែករំលែក៖

ភ្នំពេញ៖ លោកទេសរដ្ឋមន្ដ្រី លី ធុជ បានស្នើឱ្យUN-OHRLLS ផ្តល់ការគាំទ្រដល់កម្ពុជា ដើម្បីឱ្យធានាបានការចាកចេញពីឋានៈប្រទេសការអភិវឌ្ឍតិចតួចដោយរលូនប្រកបដោយចីរភាព នៅក្នុងឆ្នាំ២០២៩ ខាងមុន ។

លោកទេសរដ្ឋមន្ត្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ និងជាអនុប្រធានទី១ អាជ្ញាធរមីន បានបញញជាក់បែបនេះ ក្នុងឱកាសទទួលជួប លោកស្រី Rabab Fatima អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់របស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ដែលគ្មានដែនសមុទ្រ និងរដ្ឋកំពុងអភិវឌ្ឍន៍កោះតូចៗ (UN-OHRL LS) ចូលជួបពិភាក្សាការងារ និងសំដែងការគួរសម នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន។

ក្នុងជំនួបនោះ តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណជូនចំពោះ លោកជំទាវ Rabab Fatima ដែលបានផ្តល់នូវកិត្តិយសចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យពាក់កណ្តាលអាណត្តិកម្មវិធីសកម្មភាពដូហា សម្រាប់ប្រទេសមានការអភិវឌ្ឍតិចតួចនៃតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ក្រោមកិច្ចសហការរៀបចំដោយគណៈកម្មាធិការជាតិអេស្កាប់កម្ពុជា ជាមួយ UN-ESCAP និងការិយាល័យតំណាងជាន់ខ្ពស់ UN-OHRLLS។

លោកទេសរដ្ឋមន្រ្តី លី ធុជ ក៏បានស្នើសុំឱ្យ UN-OHRLLS ផ្តល់នូវភាពជាដៃគូក្នុងការគាំទ្រដល់ប្រទេសកម្ពុជា បានចាកចេញពីឋានៈប្រទេសមានការអភិវឌ្ឍតិចតួច (LDC) ដោយរលូននិងប្រកបដោយចីរភាព នៅក្នុងឆ្នាំ២០២៩ ខាងមុខ។

លោកស្រី Rabab Fatima បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានរៀបចំកិច្ចប្រជុំត្រួតពិនិត្យពាក់កណ្តាលអាណត្តិកម្មវិធីសកម្មភាពដូហា សម្រាប់ប្រទេសមានការអភិវឌ្ឍតិចតួចនៃតំបន់អាស៊ីនិងប៉ាស៊ីហ្វិក បានយ៉ាងល្អប្រសើរ។ ជាការឆ្លើយតបនឹងសំណើ សុំរបស់កម្ពុជា លោកជំទាវ Rabab Fatima បេ្តជ្ញាផ្តល់ការគាំទ្រយ៉ាងពេញទំហឹងក្នុងការធានាកម្ពុជាអាចចាកចេញពីឋានៈប្រទេសមានការអភិវឌ្ឍតិចតួចដោយរលូននិងប្រកប ដោយចីរភាព នៅក្នុងឆ្នាំ២០២៩ខាងមុខ ៕

ដោយ៖សំរិត


ចែករំលែក៖