ខេត្តស្ទឹងត្រែង÷ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយអធិការដ្ឋាននគរបាលស្រុកសេសាន ឆ្មក់បង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់និងវត្ថុតាងគ្រឿងញៀន ព្រមទាំងសម្ភារ:មួយចំនួនសម្រាប់សេព គ្រឿងញៀនដោយខុសច្បាប់ កាលពីវេលាម៉ោង០២ៈ៥៥នាទី រសៀលថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៦ ស្ថិតនៅចំណុចកំពង់ទឹកក្នុងភូមិស្រែគរ១ ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង ។
ក្រោយប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានឲ្យដឹងនៅថ្ងៃទី៣១ ខែមីនា នេះថា ជនសង្ស័យខាងលើមានឈ្មោះឆឹង សិដ្ឋ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្រែគរ១ ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ក្នុងពេលប្រតិបត្តិការសមត្ថកិច្ចរកឃើញនិងរឹបអូសវត្ថុតាងរួមមានម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ចំនួន២កញ្ចប់ (ធំ១,តូច១) រួមនឹងឧបករណ៍សម្រាប់សេពគ្រឿងញៀន មួយចំនួន ទូកស្មាច់ចំនួន១ម៉ាស៉ីន កាណូតម៉ាកហ៉ីនូតា០១គ្រឿង កម្លាំង១៨សេះនៅនឹងកន្លែងកើតហេតុ។
នៅក្នុងប្រតិបត្តិការខាងលើ មានការសម្របសម្រួលនីតិវិធីច្បាប់ពីលោកស៉ីន សុហឹង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្ទឹងត្រែង រហូតឈានដល់ទៅឆែកឆេរផ្ទះជនសង្ស័យខាងលើនៅថ្ងៃខែដដែល វេលាម៉ោង១៥ៈ០៥នាទី រកឃើញវត្ថតាងកាំភ្លើងកែច្នៃបាញ់ហ្គាសចំនួនមួយដើម ឧបករណ៍ឆក់ត្រី រួមមានម៉ាស៉ីនឆក់០៤គ្រឿង, អាគុយចំនួន០១គ្រឿង កម្លាំង៤០អំពែរ, ម៉ូតូយ៉ាមា៉ហាចំនួន១គ្រឿង រួមនឹងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាល ប្រឆាំងបទល្មើសគ្រឿងញៀន បានកសាងសុំណុំរឿងទៅសាលាដំបូងខេត្តស្ទឹងត្រែងដើម្បីបន្តនីតិវិធី៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច