ខេត្តស្វាយរៀង៖ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង នារសៀល ថ្ងៃទី៣១ខែមីនាឆ្នាំ២០២៦ នេះបានអញ្ជើញចុះសួរសុខទុក្ខវីរកងទ័ពជួរមុខ បប្រចាំការទិសប្រាសាទព្រះវិហារ ដែលរងរបួសពិការភ្នែកទាំងសងខាងដោយសារត្រូវគ្រាប់ផ្លោង សម្រាកព្យាបាលនៅផ្ទះ មានឈ្មោះបេ សុផាត ឋានៈសក្តិ ព្រិន្ទបាលឯក ស្ថិតនៅភូមិទៃយា ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួម ពីសំណាក់លោកឧតម្តសេនីយ៍ត្រី ប្រាក់ ជុត ស្នងការរងនគរបាលខេត្ត និងជាប្រធានក្រុមការងារចុះពង្រឹងស្រុកស្វាយជ្រំ លោកវរសេនីយ៍ទោ ប៊ុន សុវឌ្ឍនា ស្នងការរងនគរបាលខេត្ត និងជាអនុប្រធានក្រុមការងារ
លោក សោមសុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ លោកមេប៉ុស្តិ៍ និងអាជ្ញាធរមូលដ្ឋានផងដែរ។
មានប្រសាសន៍ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត បានសម្តែងនូវការកោតសរសើរបំផុតចំពោះគំរូវីរៈភាពក្នុងការបំពេញបេសកម្មដ៏ឧត្តុង្គឧត្តម ដើម្បីការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីពីសត្រូវឈ្លានពានថៃ ដើម្បីការពារជាតិមាតុភូមិ ក្នុងបុព្វហេតុ ថែរក្សាសុខសន្តិភាពជូនប្រជាជនកម្ពុជា ប្រចាំការទិសប្រាសាទព្រះវិហារ និងបានជូនពរជ័យដល់វីរកងទ័ព បេ សុផាត ឆាប់ជាសះស្បេីយពីរបួស និងមានសុខភាពល្អ និងកម្លាំងមាំមួនផងដែរ។
សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងសហការី បាននាំយកថវិកាចំនួន ២លានរៀល, អង្ករ ១០០គីឡូ, មីជាតិ ០២កេស, ទឹកសុីអុីវ ០២យួរ, ទឹកសុទ្ធ ១០កេស, ទឹកត្រី ០៧យួរ ជូនដល់វីរកងទ័ព បេ សុផាត ដើម្បីជួយសម្រាលទុក្ខលំបាកមួយរយៈ ពេលផងដែរ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច