ព័ត៌មានទាន់ហេតុការណ៍៖

គ្រូកីឡា និងមន្ត្រីមន្ទីរអប់រំយុវជន និងកីឡាខេត្តឧត្តរមានជ័យ២៥នាក់ទទួលបានវគ្គសាមគ្គីអូឡាំពិក

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ គ្រូកីឡា និងមន្ត្រីមន្ទីរអប់រំយុវជន និងកីឡាខេត្តឧត្តរមានជ័យ២៥នាក់ ក្នុងនោះស្រីម្នាក់ ទទួលបានការបណ្តុះបណ្តាលវគ្គសាមគ្គីអូឡាំពិក ស្តីពីរដ្ឋបាលកីឡា មានរយៈពេល៤ថ្ងៃ ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ ដោយមានគ្រូឧទ្ទេសរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងមន្ត្រីនាយកដ្ឋានអប់រំកាយ និងកីឡានៃក្រសួងអប់រំយុវជននិងកីឡា ។

លោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធី បិទ និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់សិក្ខាកាមទាំង២៥នាក់ ព្រមទាំងបានផ្តាំផ្ញើដល់សិក្ខាកាម ក្រោយពីទទួលបានចំណេះដឹងថ្មីៗ ស្តីពីរដ្ឋបាលកីឡានេះ គ្រូកីឡា ក៏ដូចជាមន្ត្រីមន្ទីរអប់រំកាយ និងកីឡាទាំង២៥នាក់ ត្រូវយកទៅអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ ពិសេសមេរៀនដែលវិគ្មិនបានផ្តល់ជូនតាមរយៈបទបង្ហាញរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ។

គួរបញ្ជាក់ថា វាគ្មិនសំខាន់ៗចំនួន៣នាក់ បានធ្វើបទបង្ហាញក្នុងវគ្គសាមគ្គីអូឡាំពិកនេះ មានលោកវេជ្ជបណ្ឌិត ស្ដើង ជា ប្រធានអនុគណៈ កម្មការវេជ្ជសាស្ត្រអមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ធ្វើបទបង្ហាញពីការត្រួតពិនិត្យ ការបញ្ជាក់ភេទ ការសង្គ្រោះ បឋម និង វេជ្ជសាស្ត្រកីឡា ។

លោកកែវ សារ៉េត នាយកសាលាបាល់ទាត់មជ្ឈមណ្ឌលទន្លេបាទីធ្វើបទបង្ហាញពីគោលការណ៍លេងដោយយុត្តិធម៌ ការកំណត់ និស្ស័យរបស់កីឡា ការអភិវឌ្ឍគ្រូបង្វឹក ការអភិវឌ្ឍកីឡាកម្រិតខ្ពស់ និង ការដោះស្រាយបញ្ហា ។

លោកបឹង គឹមតោ អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាធ្វើបទបង្ហាញស្តីពីរបៀបធ្វើការងារជាមួយ អ្នកស្ម័គ្រ ចិត្ត ការទំនាក់ទំនង ការរៀបចំព្រឹត្តិការណ៍កីឡា ស្ត្រី និង កីឡា ការរៀបចំអង្គប្រជុំ ។ វគ្គសិក្សានេះ មានសិក្ខាកាម ៣នាក់ ទទួលបាននិទ្ទេសល្អ ស្មើ១២ភាគរយ ១៦នាក់បាននិទ្ទេសល្អបង្គួរស្មើ ៦៤ភាគរយ និង ៦នាក់ទៀត ទទួលបាននិទ្ទេសមធ្យមស្មើ ២៤ភាគរយ ៕ សារីម

aes aes-1


ចែករំលែក៖