ខេត្តកណ្តាល ៖ យ៉ាងហោចណាស់បុរសអ្នកបើក យន្តហោះ និងអ្នកបំរើការលើយន្តហោះ ប្រុសស្រីចំនួន ០៦នាក់ រងរបួសធ្ងន់ ស្រាល ក្នុងករណីគ្រោះថ្នាក់ចរារចរ រវាងរថយន្តនិងរថយន្តបណ្តាលឱ្យក្រឡាប់ កាលពីវេលាម៉ោង ០២និង៣៣នាទី រំលងអាធ្រាតឆ្លងចូលថ្ងៃទី០២ខែមេសាឆ្នាំ២០២៦ នៅចំណុចភ្លើងស្តុបផ្លូវ ៦០ម៉ែត្រ ( មហាវិថីសម្តេចតេជោ) កែងផ្លូវ ៥០ម៉ែត្រ ស្ថិតក្នុងភូមិ បត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
លោកវរសេនីយ៏ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់ឱ្យដឹងថា នៅវេលាកើតហេតុមានរថយន្ត១គ្រឿងម៉ាក MG 6 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BJ-1226 បើកបរដោយឈ្មោះ ត្រៃ បូរី ភេទ ប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិដំណាក់សង្កែរ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ (បានត្រួតពិនិត្យជាតិស្រវឹង លទ្ធផល 0,457mg/L) (ឃាត់ខ្លួន) បើកបររថយន្តតាមផ្លូវ ៥០ម៉ែត្រ មានទិសដៅពី លិច ទៅ កើត ពេលបើកមកដល់កន្លែងកើតហេតុខាងលើ មិនឈប់ភ្លើងស្តុបពណ៌ក្រហមទេ ក៏បានទៅបុកជាមួយរថយន្តមួយគ្រឿងម៉ាក TOYOTA HAICE ពណ៌ស ពាក់ស្លាកលេខ កម្ពុជា KH.K6.03 បើកបរដោយឈ្មោះ ក្រិច ពីឡូត ភេទប្រុស អាយុ ៣៦ ឆ្នាំ មានទីលំនៅភូមិចុងកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ (របួសស្រាល- លទ្ធផលជាតិអាកុល 0,00 mg/L) និងមានអ្នករួមដំណើរ ស្រីប្រុស ចំនួន ០៦នាក់ជាអ្នកបើកយន្តហោះ និងអ្នកបំរើការលើយន្តហោះ ៖
ទី១ – ឈ្មោះ NGUYEN DUC DUNG ភេទប្រុស អាយុ៤៣ឆ្នាំ (របួសស្រាល)-ទី២ ឈ្មោះ បេត ដេវីដ ភេទប្រុស អាយុ ២៤ឆ្នាំ( របួសធ្ងន់-បាក់ឆ្អឹងដងកាំបិត) ជនរងគ្រោះទាំងពីរ ជាអ្នកបើកយន្តហោះ, ទី៣ – ឈ្មោះ សាំង សាំបូរិទ្ធ ភេទប្រុស អាយុ ៣៦ឆ្នាំ ,ទី៤- ឈ្មោះ ពេជ្រ សុខខេង ភេទស្រី អាយុ ២៩ឆ្នាំ,ទី៥ -ឈ្មោះ ពៅ គន្ធថាវនាថ ភេទស្រី អាយុ ៣១ឆ្នាំ , ទី៦- ឈ្មោះ សុខ ថនសេរីរចនា ភេទស្រី អាយុ ៣០ឆ្នាំ ជនរងគ្រោះទាំង បួននាក់ ជាអ្នកបំរើការលើយន្តហោះ និងទាំង ០៦នាក់ ស្នាក់នៅក្រុមហ៊ុន អាកាសចរណ៍ជាតិកម្ពុជា មានអាសយដ្ឋាន ផ្លូវ206A សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
រថយន្តបើកបរតាមផ្លូវមហាវិថីសម្ដេចតេជោ(ផ្លូវ ៦០ ម៉ែត្រ) មានទិសដៅពីត្បូង ទៅជើង បណ្ដាលឲ្យរថយន្តក្រឡាប់តែម្ដង និងត្រូវបានក្រុមការងារដឹកយកទៅមន្ទីរពេទ្យខ្លួនឯង មុនពេលសមត្ថកិច្ចទៅដល់។
ចំពោះមធ្យោបាយពាក់ព័ន្ធរថយន្តទាំងពីរគ្រឿងរងការ ខូចខាតធ្ងន់ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ក្រោយការចុះអន្តរាគមន៏ពិនិត្យវាស់វែង សមត្ថកិច្ចជំនាញបានដាក់សេចក្តីសន្និដ្ធានបឋមថា ចំពោះមូលហេតុ គឺបណ្ដាលមកពី អ្នកបើកបររថយន្តម៉ាក MG 6 បើកបរមិនគោរពភ្លើងស្តុបពណ៌ក្រហម និងបើកបរមានកម្រិតជាតិអាកុលរហូត0,457mg/L៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច