ខេត្តបាត់ដំបង៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦នេះ មានកិត្តិយសសូមជម្រាបជូនសាធារណជនឱ្យបាន ជ្រាបថា៖ អយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹង ករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើងកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ២២:៤០នាទី ស្ថិតនៅត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ ២៤៦-២៤៧ លើផ្លូវជាតិលេខ ៥ ក្នុងក្រុមទី១២ ភូមិកកោះ ឃុំកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង បង្កឡើងដោយរថយន្តមួយគ្រឿងម៉ាក MERCEDES BENZ AMG GT៥៣ ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ពាក់ផ្លាកលេខ កម្ពុជា C.S.៦១៦៨ បើកបរដោយឈ្មោះ ស៊ីវ ជ័យសិដ្ឋ ភេទប្រុស អាយុ២០ឆ្នាំ បើកបរក្នុងល្បឿនលឿន ហើយរេចង្កូតចូលទៅគន្លងផ្លូវរបស់ម៉ូតូ បានបុកចំពីខាងក្រោយម៉ូតូចំនួនពីរ គ្រឿងរបស់ជនរងគ្រោះ ខណៈពេលដែលជនរងគ្រោះជិះម៉ូតូវិលត្រឡប់មកពីមើលការប្រគុំតន្ត្រីមួយកន្លែង ស្ថិតនៅ ទីរួមស្រុកមោងឬស្សីនារាត្រីនោះ បណ្តាលឱ្យជនរងគ្រោះស្លាប់ចំនួន ៥ នាក់ ដែលក្នុងនោះស្ត្រីម្នាក់មានគភ៌ ចំនួន ៣ខែ និងក្មេងប្រុសម្នាក់រងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយជនរងគ្រោះទាំងអស់រស់នៅ ក្នុងភូមិកកោះ ឃុំកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។
បន្ទាប់ពីកើតហេតុរួចមកសមត្ថកិច្ចនគរបាលស្រុកមោងឬស្សី រួមសហការជាមួយសមត្ថកិច្ចការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះទៅដល់ទីតាំងកើតហេតុ បញ្ជាក់ថា អ្នកបើករថយន្តបង្កគ្រោះថ្នាក់បានរត់គេចខ្លួនពីកន្លែងកើតហេតុ ដោយបន្សល់ទុករថយន្តបង្កហេតុនៅទីនោះ ហើយសមត្ថកិច្ច និងអ្នកជួយសង្គ្រោះបាននាំអ្នករងរបួសទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលរបួស និងអ្នកស្លាប់ប្រគល់ ជូនក្រុមគ្រួសារសព ដើម្បីធ្វើបុណ្យតាមប្រពៃណី បន្ទាប់មកសមត្ថកិច្ចបានធ្វើការវាស់វែងពិនិត្យកន្លែងកើតហេតុ និងប្រមូលភស្តុតាងនានានៅកន្លែងកើតហេតុ ។
ក្រោយពីបានស្តាប់ចម្លើយ និងពិនិត្យភស្តុតាងនានាក្នុងសំណុំរឿង តំណាងអយ្យការបានសម្រេចធ្វើការ ចោទប្រកាន់លើជនសង្ស័យឈ្មោះ ស៊ីវ ជ័យសិដ្ឋ (ឃាត់ខ្លួន) ដោយសម្រេចបំបែកសំណុំរឿងជា២ (ពីរ)៖
-សំណុំរឿងទី១ (ជនរងគ្រោះស្លាប់ចំនួន ៥នាក់) តំណាងអយ្យការបានធ្វើការចោទប្រកាន់លើជនសង្ស័យ ឈ្មោះ ស៊ីវ ជ័យសិដ្ឋ ពីបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលឱ្យស្លាប់ដល់អ្នកដទៃ (បណ្តាលឱ្យមានមនុស្សស្លាប់ច្រើននាក់) ប្រព្រឹត្តនៅត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ ២៤៦-២៤៧ លើផ្លូវជាតិលេខ៥ ក្នុងក្រុមទី១២ ភូមិកកោះ ឃុំកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង កាលពីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០២៦ បទល្មើសមានបញ្ញត្តិ និងឱ្យផ្តន្ទាទោសតាមមាត្រា ៨៥ ចំណុច គ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក តាម ដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ២៥៦ ចុះថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ បញ្ជូនទៅចៅក្រមស៊ើបសួរនៃ សាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។
-សំណុំរឿងទី២ (ជនរងគ្រោះរងរបួសធ្ងន់ចំនួន ១នាក់) តំណាងអយ្យការបានធ្វើការចោទប្រកាន់លើ ជនសង្ស័យឈ្មោះ ស៊ីវ ជ័យសិដ្ឋ ពីបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលឱ្យរបួសដល់ អ្នកដទៃ និងរត់គេចខ្លួន ប្រព្រឹត្តនៅត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ ២៤៦-២៤៧ លើផ្លូវជាតិលេខ៥ ក្នុង បទល្មើសមានបញ្ញត្តិ និងឱ្យផ្តន្ទាទោសតាមមាត្រា ៨៣ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមាត្រា ៥៤៣ នៃក្រម ព្រហ្មទណ្ឌ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ២៥៨ ចុះថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ បញ្ជូនទៅចៅក្រម ស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន ៕



ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច