ព័ត៌មានទាន់ហេតុការណ៍៖

សភាមីយ៉ាន់ម៉ា បោះឆ្នោតជ្រើសរើសលោកលោក Min Aung Hlaing កាន់តំណែងប្រធានាធិបតី

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថានាថ្ងៃសុក្រ ទី៣ ខែមេសា សភាជាតិនៃប្រទេសមីយ៉ាន់ម៉ា បានបោះឆ្នោតជ្រើសរើសអតីតប្រមុខរដ្ឋាភិបាលយោធា លោក Min Aung Hlaing ជាប្រធានាធិបតី ដែលប្រការនេះ នឹងអនុញ្ញាតឱ្យរូបលោកនៅរក្សាអំណាច ក្នុងឯកសណ្ឋានស៉ីវិល ក្រោយធ្វើរដ្ឋប្រហារដណ្តើមអំណាច កាលពី៥ឆ្នាំមុន។

មេដឹកនាំរដ្ឋប្រហាររូបនេះ បានទាត់ចោលលទ្ធិប្រជាធិបតេយ្យកាលពីឆ្នាំ២០២១ ចាប់ឃុំខ្លួនលោកស្រី អោងសាន ស៊ូជី អតីតមេដឹកនាំរដ្ឋាភិបាលស៉ីវិលជាប់ឆ្នោតដោយស្របច្បាប់ ដែលរូបលោកបានផ្តួលរំលំ ហើយរំលាយគណបក្សរបស់លោកស្រីចោលថែមទៀត។

ស្របពេលដែលរបបសឹក បានសាទរការបើកសម័យប្រជុំសភាឡើងវិញ កាលពីខែមីនា ថាជាការប្រគល់អំណាចត្រឡប់ទៅឱ្យប្រជាជន អ្នកវិភាគភាគច្រើនយល់ឃើញថា វាគ្រាន់តែជាការបន្លំភ្នែក សំដៅឱ្យយោធានៅបន្តអំណាចដោយស្របច្បាប់ប៉ុណ្ណោះ។ គណបក្ស USDP គាំទ្រដោយយោធា ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី គឺជាង ៨០ភាគរយនៃអាសនៈសរុបនៅសភា ក្នុងការបោះឆ្នោតសកល ដែលបានបញ្ចប់ទៅកាលពីចុងខែមករា។

គួរបញ្ជាក់ថា ការរិះគន់ឬធ្វើបាតុកម្មជុំវិញការបោះឆ្នោតនោះ ត្រូវបានចាត់ទុកជាអំពើខុសច្បាប់ ហើយដំណើការបោះឆ្នោត ត្រូវបានរារាំងនៅតាមតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាមប្រដាប់អាវុធ ដែលបានងើបបះបោរប្រឆាំងរបបយោធា នៅក្នុងសង្រ្គាមស៉ីវិល ដែលបន្តអូសបន្លាយមកទល់ពេលនេះ។ មនុស្សសរុបរាប់ម៉ឺននាក់បានស្លាប់ គិតចាប់តាំងពីប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ក្នុងភាពវឹកវរ ដោយសាររដ្ឋប្រហារយោធា កាលពីខែកុម្ភៈ ឆ្នាំ២០២១៕

 


ចែករំលែក៖