ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិនៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦នេះបានចេញសេចក្តីប្រកាសព័ត៌មានមួយដោយប្រឆាំងដាច់ខាតចំពោះទង្វើខុសច្បាប់របស់ភាគីថៃ ដែលធ្វើ ឡើងនៅតំបន់ប្រាសាទព្រះវិហារ។ រាជរដ្ឋាភិបាលកម្ពុជាប្រកាសតវ៉ាជំទាស់ជាផ្លូវការប្រឆាំងនឹងប្រទេសថៃ ចំពោះសកម្មភាពខុសច្បាប់ និងកើតឡើងដដែលៗរបស់កងកម្លាំងប្រដាប់អាវុធថៃ នៅតំបន់ដែលកាន់កាប់ដោយខុសច្បាប់ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានធ្វើសកម្មភាពឈូសឆាយដីក្បែរតំបន់ ប្រាសាទព្រះវិហារ ភាគខាងជើងនៃវត្តកែវសិក្ខាគីរីស្វារៈ។ កងទ័ពថៃក៏រាយលួសបន្លាប្រវែងប្រមាណ ១០០ ម៉ែត្រ និងដាក់ពង្រាយរថពាសដែកនៅតំបន់បុស្សស្បូវ-ជាំតែ ផងដែរ។
ក្រសួងការបរទេសកម្ពុជា ចាត់ទុក សកម្មភាពទាំងនេះមិនមែនជាការការពារខ្លួនទេ ហើយក៏មិនស្របតាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំ ពិសេសលើកទី៣ របស់គណៈកម្មការព្រំដែនទូទៅ (GBC) នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នោះដែរ។
តាមសេចក្ដីប្រកាសព័ត៌មាន៖«រាជរដ្ឋាភិបាលកម្ពុជា ប្រកាសបដិសេធយ៉ាងដាច់អហង្ការចំពោះការប៉ុនប៉ងណាមួយ ក្នុងការធ្វើឱ្យខូច ស្ថានការណ៍ ដោយបង្កើតការកាន់កាប់លើដីជាក់ស្តែង (fait accompli on the ground) និងតវ៉ាយ៉ាងខ្លាំង ចំពោះសកម្មភាពទាំងឡាយ ដែលរំលោភអធិបតេយ្យ និងបូរណៈភាពទឹកដីរបស់កម្ពុជា ក្រោមអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។ សកម្មភាពទាំងនោះក៏ផ្ទុយនឹងវិធានការបន្ថយភាពតានតឹង ដែលមានចែងក្នុងសេចក្តីប្រកាសរួមរបស់គណៈកម្មការព្រំដែនទូទៅ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀង ដែលមានស្រាប់រវាងប្រទេសទាំងពីរផងដែរ»។
ក្រសួងការបរទេសកម្ពុជា បញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់នូវបន្ទាត់ព្រំដែន ឬការទាមទារដែនដីដោយឯកតោភាគីពីប្រទេសថៃទេ ហើយបានសង្កត់ធ្ងន់ថា សកម្មភាពថ្មីៗនេះ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់សិទ្ធិស្របច្បាប់របស់កម្ពុជាទាក់ទងនឹងព្រំដែនអន្តរជាតិឡើយ។
រាជរដ្ឋាភិបាលកម្ពុជាទាមទារឱ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់ទាំងនេះ បញ្ឈប់ ការប្រព្រឹត្តរាល់សកម្មភាពឯកតោភាគីផ្សេងៗ និងត្រូវធ្វើសកម្មភាពបន្ថយភាពតានតឹង ពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមក ព្រមទាំងថែរក្សាសន្តិភាព និងភាពជាអ្នកជិតខាងល្អនៅតាមបណ្តោយព្រំដែន។
ក្រសួងការបរទេសកម្ពុជា បញ្ជាក់ជាថ្មីថា កម្ពុជាគោរពយ៉ាងមុតមាំនូវជំហរជាគោលការណ៍ថា បន្ទាត់ព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំងនោះទេ និងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេ ក្នុងការដោះស្រាយវិវាទព្រំដែនជាមួយប្រទេសថៃតាមរយៈមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីនានា៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច