ខេត្តបាត់ដំបង៖ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង០៧និង៣០នាទីព្រឹក នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូមែត្រ ២៧៣-២៧២ ចំណុចក្រុមទី២១ ភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រវាងម៉ូតូនិងរថយន្ត បានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ ។
លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើត ឡើងរវាងម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០០៨ ពាក់ស្លាកលេខប៉ៃលិន1A-0321អ្នកបើកបរឈ្មោះផេង សុីណាង ភេទស្រី អាយុ៦២ឆ្នាំ រស់នៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង (ស្លាប់នៅមន្ទីរ ពេទ្យ) និងរថយន្តម៉ាក MERCEDES BEN2 ពណ៌ស សេរីឆ្នាំ២០២០ពាក់ស្លាកលេខភ្នំពេញ 2CC-2332 អ្នក បើកបរឈ្មោះសុខ ទិត្យា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅ ភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។
តាមការពិនិត្យកន្លែងកើតហេតុ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានបញ្ជាក់ដឹងថាម៉ូតូបើកបរពី ជើងទៅត្បូង។ លុះដល់កន្លែងកើតហេតុបានបត់ឆ្វេងឆ្លងផ្លូវ មិនប្រុងប្រយ័ត្ន បណ្ដាលឱ្យរថយន្តដែលបើកបរពីជើងទៅត្បូង ស្របទិសគ្នាក្នុងល្បឿនលឿន បានជ្រុលទៅបុកម៉ូតូ ពេញទំហឹងតែម្ដង។
បច្ចុប្បន្នសមត្ថកិច្ចបានយកមធ្យោបាយបង្ក និងវត្ថុតាងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ដើម្បីដោះស្រាយតាមនីតីវិធីច្បាប់ ។ ចំណែកឯសាកសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុ និងប្រគល់ទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច