ខេត្តកណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចេញសេចក្តីបំភ្លឺជាផ្លូវការ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម ដោយផេកឈ្មោះ «Khmer New» ដែលបានបង្ហោះអំពីករណីឆក់ខ្សែក នៅភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ។
តាមការបញ្ជាក់ពីសមត្ថកិច្ច ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាមៗ កម្លាំងជំនាញក្រោមការដឹកនាំតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានសហការជាមួយអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចុះស្រាវជ្រាវដល់ទីតាំងកើតហេតុ។ ជាលទ្ធផល បានបញ្ជាក់ថា ករណីអំពើលួចដោយវិធីឆក់ខ្សែកនេះ ពិតជាបានកើត មានឡើងមែន។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១៦:២៤ នាទី ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ នៅលើផ្លូវបេតុង ស្ថិតក្នុងភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះមានឈ្មោះ សូ យ៉េត ភេទស្រី អាយុ ៧០ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅនៅតំបន់កើតហេតុខាងលើ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជាបុរសម្នាក់ អាយុប្រហែល ២២ឆ្នាំ មិនទាន់ស្គាល់អត្តសញ្ញាណ បានប្រើ ប្រាស់ម៉ូតូម៉ាក Suzuki Nex ពណ៌សលាយក្រហម ជាមធ្យោបាយក្នុងការធ្វើសកម្មភាព។ ក្នុងហេតុការណ៍នេះ ខ្សែកផ្លាកទីនមួយខ្សែ ទម្ងន់ ១តម្លឹង ត្រូវបានធ្វើឲ្យដាច់ ប៉ុន្តែជនរងគ្រោះអាចយកបានមកវិញ។
បច្ចុប្បន្ន កម្លាំងផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ និងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ខេត្តកណ្តាល កំពុងបន្តស្រាវជ្រាវយ៉ាងសកម្ម ដើម្បីកំណត់អត្តសញ្ញាណ និងចាប់ខ្លួនជនសង្ស័យ យកមកផ្តន្ទាទោសតាមច្បាប់ឲ្យបានឆាប់រហ័ស។
អាជ្ញាធរនគរបាលក៏បានអំពាវនាវដល់សាធារណជន និងបណ្តាញសារព័ត៌មានទាំងអស់ សូមចែករំលែកព័ត៌មានដោយផ្អែកលើប្រភពផ្លូវការ និងជៀសវាងការបកស្រាយលើសពីការពិត ដែលអាចបង្កឲ្យមានការភាន់ច្រឡំក្នុងសង្គម៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច