ប្រធានាធិបតី ពូទីន បានបញ្ជាក់ទំនាក់ទំនងរវាងអាមេរិកនឹងរុស្ស៊ីដោយសារតែភាគីម្ខាងបានអនុវត្តគោលនយោបាយរបស់ ខ្លួនគ្រប់គ្រងពិភពលោកទាំងមូល។ លោក ពូទីន បញ្ជាក់ទៀតថា «តើដោយសារស៊ីរី ទើបយើងផ្លាស់ប្តូរទំនាក់ទំនងជាមួយអាមេរិកឬ? ទេ! មិនមែនដោយសារស៊ីរីឡើយ គឺដោយសារតែភាគីម្ខាងបានបង្ខំឲ្យពិភពលោកទាំងមូលត្រូវតែដើរតាមពួកគេ។
លោក ពូទីន បង្ហាញក្តីសង្ឃឹមថា ក្រោយ ការបោះឆ្នោតអាមេរិក នឹងមានការផ្លាស់ប្តូរនៅក្នុងទំនាក់ទំនងរវាងទីក្រុងមូស្គូនឹងវ៉ាស៊ីនតោន។ ប្រធានាធិបតីរុស្ស៊ីវាយតម្លៃថា ក្នុងពេលដែលបញ្ហាផ្ទៃក្នុងមិនទាន់បានដោះស្រាយ ទើបគេសម្រេចធ្វើសកម្មភាពបែបនេះដើម្បីបង្វែរការចាប់អារម្មណ័៍ពី បញ្ហាដែលកំពុងតែកើតឡើងនៅក្នុង ប្រទេស។ និយាយអំពីការដាក់ទណ្ឌកម្ម របស់លោកខាងលិចទៅលើរុស្ស៊ីវិញ លោក ពូទីន បានបញ្ជាក់ថា «ធ្វើអីធ្វើទៅ» ។
ទំនាក់ទំនងរវាងអាមេរិកនឹងរុស្ស៊ីប្រឈម មុខអាក្រក់ដាក់គ្នាដំបូងចាប់ផ្តើមចេញពី វិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន ពិសេសគឺក្រោយពេលដែលរុស្ស៊ីបានដាក់បញ្ចូល តំបន់ស្វយ័តគ្រីមៀ។ បន្ទាប់មកគឺការលូកដៃចូលក្នុងទឹកដីស៊ីរីរបស់រុស្ស៊ីកាលពីថ្ងៃ ទី៣០ ខែកញ្ញា ឆ្នាំ២០១៥ ធ្វើឲ្យគោលដៅ របស់អាមេរិកនៅទីនោះមានការប្រែប្រួល។
បច្ចុប្បន្នភាពតានតឹងរវាងអាមេរិកនឹងលោកខាងលិចកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃធ្វើឲ្យរុស្ស៊ី និងលោកខាងលិច ឈានដល់មាត់រណ្តៅនៃសង្គ្រាម។ បើទោះ បីរុស្ស៊ីតែម្នាក់ឯង ប៉ុន្តែមានអាវុធទំនើបៗ ជាច្រើនអាចទប់ទល់នឹងអាមេរិកណាតូបាន។ កន្លងមកថ្មីៗរុស្ស៊ីបានបញ្ជូនអាវុធបន្ថែមទៅកាន់ប្រទេសស៊ីរី និងបញ្ជូនមីស៊ីល ទំនើបៗទៅការពារតាមព្រំដែនរុស្ស៊ី។
ប្រទេសតំបន់អឺរ៉ុបក៏បានបញ្ជូនកម្លាំង របស់ខ្លួនទៅកាន់ព្រំដែនការពារខ្លាចមានការវាយប្រហារពីរុស្ស៊ី។ កន្លងមកប្រទេស អីុតាលីក៏បានបញ្ជូនកម្លាំងទាហានទៅចូល រួមជាមួយណាតូដើម្បីទប់ស្កាត់ការវាយ ប្រហារពីប្រទេសរុស្ស៊ី។ ទាហានអីុតាលី ១៤០នាក់បានបញ្ជូនទៅកាន់ ប្រទេសឡាត វៀដើម្បីបង្កើនការការពារ។ រដ្ឋមន្ត្រីការបរ ទេសអីុតាលីលោក Paolo Gentilonia បញ្ជាក់ទៀតថា សកម្មភាពខាងលើគឺសមស្របទៅនឹងច្បាប់របស់ណាតូក្នុងពេលដែល ប្រទេសនៅក្នុងក្រុមមានការគំរាមកំហែងនោះ។
ចំណែករដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោក Franck Walter Steinmeier បាន ប្រកាសថាអាល្លឺម៉ង់នឹងតបតវិញប្រសិនបើប្រទេសជាសមាជិកណាតូរងការវាយប្រហារ។ បើទោះបីលោកមិនបានបញ្ជាក់ ថា ប្រទេសណានោះតែការប្រកាសរបស់លោកគឺសំដៅទៅលើប្រទេសរុស្ស៊ីដែល កំពុងតែបង្កើតអាវុធនៅតាមព្រំដែនប្រទេស សមាជិកណាតូ។
នៅក្នុងជំនួបពិភាក្សារបស់គណៈកម្មាធិការសភាអឺរ៉ុបនៅប្រទេសបារាំងតំណាងរាស្ត្រអង់គ្លេស លោក Mark Pritchard បានដាក់សំណួរសួរថា បើប្រទេសជាសមាជិកណាតូរងការវាយប្រហារ តើអាល្លឺម៉ង់ តបតវិញដោយយោធាដែរឬទេតាមមាត្រា ទី៥ នៃសន្ធិសញ្ញារបស់ណាតូ?
នៅក្នុងមាត្រាខាងលើបើប្រទេសជា សមាជិកណាតូណាមួយរងការវាយប្រហារនោះប្រទេសណាតូដទៃទៀតត្រូវតែជួយ និងវាយប្រហារទៅលើសត្រូវរបស់ខ្លួន។
សំណួរខាងលើពិតជារសើបខ្លាំងណាស់ ក្នុងពេលដែលរុស្ស៊ីនិងលោកខាងលិចកំពុង តែឈានទៅរកសង្គ្រាមប្រដាបអាវុធជាទ្រង់ ទ្រាយធំ។
ប្រទេសសមាជិកទាំង២៨របស់សម្ព័ន្ធអាត្លង់ទិក ហៅអូតង់ត្រូវផ្តើមសមយុទ្ធចាប់ ពីថ្ងៃចន្ទ ទី១៩ ខែតុលា នៅសមុទ្រមេឌីទែ រ៉ាណេ ជាសមយុទ្ធដ៏ធំដែលអូតង់មិនដែលធ្លាប់រៀបចំធ្វើនៅក្នុងរយៈពេល១០ចុងក្រោយនេះ។ សមយុទ្ធរបស់អង្គការអូតង់ នឹងមានការចូលរួមពីទាហាន៣ម៉ឺន៦ពាន់នាក់២៣០កងអង្គភាពយន្តហោះ និងនាវា ចម្បាំងចំនួន២០០ របស់ប្រទេសសមាជិក អូតង់ក្នុងរយៈពេល៥សប្តាហ៍ អង្គការសម្ព័ន្ធ អាត្លង់ទិកខាងជើង បើកធ្វើសមយុទ្ធនៅ ក្នុងសមុទ្រមេឌីទែរ៉ាណេដែលស្ថិតនៅ ចន្លោះអាហ្វ្រិកខាងជើង និងទឹកដីអឺរ៉ុបខាង ត្បូង។ នៅថ្ងៃចន្ទមន្រ្តីជាន់ខ្ពស់របស់អូតង់ត្រូវចូលរួមមើលការបង្ហាញសមត្ថភាព របស់កងទ័ពអាកាសនៅឯមូលដ្ឋានទ័ព អាកាសភាគខាងត្បូងប្រទេសអុីតាលី។ រុស្ស៊ីដែលបានធ្វើសមយុទ្ធដ៏ធំមួយនៅ ដើមឆ្នាំនេះ ហើយនឹងធ្លាប់ធ្វើសមយុទ្ធនៅ សមុទ្រមេឌីទែរ៉ាណេកន្លងមកត្រូវបាន អញ្ជើញឲ្យធ្វើជាភ្ញៀវមើលលំហាត់យោធារបស់អូតង់នៅអុីតាលី។
សមយុទ្ធរបស់អូតង់ត្រូវបានផ្តួចផ្តើម ធ្វើឡើងក្នុងបរិបទដែលជាតំបន់អាហ្វ្រិកខាងជើង ដូចជាប្រទេសលីប៊ី ជាដើមដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទឹកដីអឺរ៉ុបកំពុង ជួបអស្ថិរភាពនយោបាយ និងអសន្តិសុខ។
ប៉ុន្តែនៅក្នុងកាលៈទេសៈដែលរុស្ស៊ីចាប់ ផ្តើមលូកដៃធ្វើអន្តរាគមន៍យោធានៅប្រទេស ស៊ីរីអស្ថិរភាពនៅតំបន់ដើមបូព៌ា និងនៅ អាហ្វ្រិកខាងជើងក្លាយជាកង្វល់តែមួយ សម្រាប់អង្គការអូតង់។ តាមអ្នកទទួល ខុសត្រូវម្នាក់របស់អូតង់ការគំរាមកំហែងពីខាងកើត និងខាងត្បូងបានក្លាយទៅជាការគំរាមកំហែងតែមួយ។ គេចង់និយាយយោង ទៅដល់រុស្ស៊ីដែលបានធ្វើសង្រ្គាមនៅស៊ីរី បន្ថែមពីលើការលូកដៃទៅក្នុងជម្លោះទឹកដីភាគខាងកើតអ៊ុយក្រែននៅភាគខាងកើតអឺរ៉ុប។
នៅក្នុងសមយុទ្ធដែលមានការចូលរួមពីទាហាន៣ម៉ឺន៦ពាន់នាក់ និងយន្តហោះ នាវាចម្បាំងចំនួន២០០ អូតង់ចង់បង្ហាញ ថា ខ្លួនមានសមត្ថភាពធ្វើអន្តរាគមន៍ទ័ពនៅក្នុងពិភពលោកមួយដែលរដ្ឋមន្រ្តីការពារជាតិអង់គ្លេសចាត់ទុកថា ស្រអាប់ និង គ្រោះថ្នាក់បំផុត។
នៅក្នុងសមយុទ្ធលើកនេះអូតង់ត្រូវពិនិត្យ មើលផងដែរ សមត្ថភាពរបស់កងកម្លាំង ប្រតិកម្មរហ័សចំនួន៥ពាន់នាក់ដែលត្រូវដាក់ឲ្យដំណើរការនៅឆ្នាំក្រោយ។ កងកម្លាំង ពិសេសមានទាំងយន្តហោះ និងនាវាចម្បាំង មានសមត្ថភាពផ្លាស់ទីតែក្នុងរយៈពេល មួយសប្តាហ៍។ នៅក្រោយរុស្ស៊ីប្រកាសកាត់ យកទឹកដីគ្រីមៀរបស់អ៊ុយក្រែន អូតង់បាន បង្កើតកងកម្លាំងប្រតិកម្មរហ័សដើម្បីធានា ការពារទឹកដីរបស់សមាជិកអូតង់ដែលមាន ព្រំដែនខាងកើតជាប់ជាមួយរុស្ស៊ី៕ ម៉ែវ សាធី