ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន៣នាក់ កាប់ដើមសំរ៉ងប្រមូលផ្លែខុសច្បាប់ ក្នុងឧទ្យានជាតិវីរៈជ័យ បញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តរតនគិរី៖ មនុស្សចំនួន៣នាក់ ត្រូវបានមន្ត្រីឧទ្យានុរក្សឃាត់ខ្លួន និងបញ្ជូនទៅតុលាការ បន្ទាប់ពីប្រព្រឹត្តសកម្មភាពកាប់ដើម និងប្រមូលផ្លែសំរ៉ងខ្ចីដោយខុស ច្បាប់ ក្នុងសហគមន៍តំបន់ការពារធម្មជាតិអូរទុង នៃឧទ្យានជាតិវីរៈជ័យ ស្ថិតនៅចំណុចអូរចាណោះផាច ភូមិត្រាក ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។

ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២៦ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញា សាលាដំបូងខេត្តរតនគិរី ដោយមានការសហការរវាងមន្ទីរបរិស្ថានខេត្ត និងគណៈកម្មការសហគមន៍ តំបន់ការពារធម្មជាតិអូរទុង ព្រមទាំងការគាំទ្រពីអាជ្ញាធរស្រុកវើនសៃ។

ជនសង្ស័យទាំង៣នាក់ រួមមាន ឆេវ បូ អាយុ៣១ឆ្នាំ, ចាន់ គីឡា អាយុ២៣ឆ្នាំ និង ពៅ ពិសី អាយុ៣៣ឆ្នាំ ត្រូវបានឃាត់ខ្លួនជាមួយវត្ថុតាង ផ្លែសំរ៉ងខ្ចីចំនួន៣ការ៉ុង ស្មើប្រហែល ៨០គីឡូក្រាម និងម៉ូតូ២គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តរតនគិរី ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ខណៈវត្ថុតាងត្រូវបានកំណត់ហេតុ និងរក្សាទុកជាភស្តុតាង។

ក្រសួងបរិស្ថាន បានអំពាវនាវឱ្យពលរដ្ឋបញ្ឈប់សកម្មភាពកាប់បំផ្លាញដើមសំរ៉ង ដើម្បីប្រមូលផ្លែ ដោយសារវាមិនត្រឹមជាបទល្មើសច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់ជីវៈចម្រុះ និងសេដ្ឋកិច្ចមូលដ្ឋានផងដែរ។

យោងតាមក្រមបរិស្ថាន និងធនធានធម្មជាតិ ការកាប់បំផ្លាញរុក្ខជាតិព្រៃដោយគ្មានការអនុញ្ញាត អាចប្រឈមទោសជាប់ពន្ធនាគារពី១ឆ្នាំ ដល់១០ឆ្នាំ និងពិន័យប្រាក់រហូតដល់៥០០លានរៀល៕


ចែករំលែក៖