ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆេះបន្ទប់ស្តុកសាំងក្រអូប និងប្រេងម៉ាសូត នៅខណ្ឌកំបូលរងការខូចខាតអស់ទាំងស្រុង

ចែករំលែក៖

ភ្នំពេញ ៖ រោងចក្រមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះបន្ទប់ ស្តុកសាំងក្រអូប និងប្រេងម៉ាសូត អស់ជាច្រើនកាន បណ្តាលអោយរងការខូចខាត សម្ភារៈមួយចំនួន ប៉ុន្តែមិនបង្កអោយរាលដាលធ្ងន់ធ្ងរនោះឡើយ ។

ហេតុការណ៍នេះបង្កភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥ និង៥០នាទីល្ងាច ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ នៅចំណុចរោងចក្រមួយកន្លែង តាមបណ្តោយផ្លូវបេតុង ភូមិគុល សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមការបញ្ជាក់ពីប្រជាពលរដ្ឋរស់នៅក្បែររោងចក្រខាងលើបានអោយដឹងថា គេធុំក្លិន

ឈ្ងៀមផ្សែង ហើយផ្សែងខ្មៅយ៉ាងខ្មួលខ្មាញ់ ហ៊ុយចូលផ្ទះពួកគាត់ ។ ភ្លាមៗ ពលរដ្ឋបាននាំរត់ចេញមកក្រៅក៏ប្រទះឃើញ អណ្តាតភ្លើង កំពិងឆាបឆេះ ចេញពីខាងក្នុងរោងចក្រក្បែរនោះ យ៉ាងសន្ធោសន្ធៅ ខណៈនោះប្រជាពលរដ្ឋបាននាំគ្នា យកទុយោទឹកបាញ់ បង្ការជាបណ្តោះអាសន្ន ដើម្បីការពាររាលដាលដល់ផ្ទះពួកគាត់រស់នៅ ។

បន្ទាប់ពីទទួលបានព័ត៍មានថាមានករណីអគ្គិភ័យឆេះរោងចក្រ នាយការិយាល័បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បញ្ជាអោយរថយន្តពន្លត់អគ្គិភ័យ គ្រប់គោលដៅចេញជួយសង្គ្រោះជាបន្ទាន់ ជៀសវាងរាលដាលកាន់តែខ្លាំង ។

អគ្គិភ័យនេះដែរបានបង្កការខូចខាតបន្ទប់ ចំនួន ០១ អស់ទាំងស្រុង និងបង្កអោយប្រេងសាំងក្រអូប និងប្រេងម៉ាសូត ជាច្រើនកាន រួមម៉ាសុីនត្រជាក់ ចំនួន១គ្រឿង ។ ក្នុងនោះបានប្រើប្រាស់ រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការរាជធានី ចំនួន៥គ្រឿង , រថយន្តជំនួយ បុរីសង្ឃឹមថ្មី ចំនួន២គ្រឿង , រថយន្តសាលាខណ្ឌកំបូល ០១គ្រឿង , រថយន្ត កងពលតូចង៧០ ចំនួន ៥គ្រឿង បាញ់អោយរលត់ជាស្ថាពរ ។ ចំពោះមូលហេតុ សមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យ ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖