ភ្នំពេញ៖ រយៈពេល៦ថ្ងៃ ប្រជាពលរដ្ឋ និងកម្មករកម្មការនីជិត១២ម៉ឺននាក់ បានទទួលសេវា រថយន្តក្រុងសាធារណ:របស់ រដ្ឋបាលរាជធានីភ្នំពេញ ដោយឥតគិតថ្លៃ ទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំមមី ២០២៦នេះ។ លទ្ធផលនេះបានបង្ហាញថា ប្រជាពលរដ្ឋមកទទួលសេវា រថយន្តក្រុងមានការកើនឡើងជា៣ម៉ឺននាក់ បើប្រៀបកាលពីឆ្នាំមុន។
បើតាមលោកស្រី ដោ សម្ផស្ស នាយករង និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦នេះថា៖ ក្នុងរយៈពេល៦ថ្ងៃ ពីថ្ងៃទី ១២-១៧ ខែមេសា មានប្រជាពលរដ្ឋជិត១២ម៉ឺននាក់ បានទទួលសេវាដឹកជញ្ជួន រថយន្តក្រុងសាធារណៈ របស់រដ្ឋបាលរាជធានីភ្នំពេញ ដោយឥតគិតថ្លៃ។
ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ ក្រោយពីមានការណែនាំ ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសបញ្ចេញរថយន្តក្រុងចំនួន ៦០០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋ កម្មករ-កម្មការិនី ដោយមិនបង់ប្រាក់រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ពោលគឺដឹកជញ្ជូនទៅលេងស្រុកកំណើត និងវិលត្រឡប់មករាជធានីភ្នំពេញ ដោយភាពសប្បាយរីករាយ ជាមួយការធ្វើដំណើរ ប្រកបដោយផាសុខភាព និងសុវត្ថិភាព។
លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃ១៧ ខែមេសា មានប្រជាពលរដ្ឋចំនួន ១១៩.៤៩០នាក់ បានទទួលសេវា ដឹកជញ្ជួន ដោយឥតគិតថ្លៃពីរដ្ឋាករស្វយ័តដឹកជញ្ជួនសាធារណៈរថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ។ បើធៀប នឹង រយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ មានចំនួន ៨៥.៨៤៩នាក់ គឺមានការកើនឡើនចំនួន ៣៣.៦៤១នាក់ ស្មើនឹង ៣៩%។
បន្ថែមលើនេះ លោកស្រី អ្នកនាំពាក្យបានគូសបញ្ជាក់បន្ថែម ថា ស្របពេលដែលចំនួនពលរដ្ឋកើនឡើងនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានបន្ថែមចំនួនរថយន្តក្រុងលើសផែនការគ្រោងទុកចំនួនដល់ទៅ ៩៤៥គ្រឿង ខណៈតាមផែនការ របស់រដ្ឋបាលរាជធានីភ្នំពេញ ត្រឹមតែ៦០០គ្រឿង ប៉ុណ្ណោះ ។
ឆ្លៀតក្នុងឱកាសនេះ លោកស្រី ដោ សម្ផស្ស ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ បានគោរពថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅ គោរព ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលបានឱ្យរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំផ្តល់ជូនប្រជាពលរដ្ឋ និងកម្មករ-កម្មការិនី នូវការធ្វើដំណើរប្រកបដោយផាសុខភាព សុវត្ថិភាព ជាពិសេសទៅលេងស្រុកកំណើត និងត្រឡប់មករាជធានីភ្នំពេញវិញ ដោយឥតគិតថ្លៃផងដែរ ។
ជាមួយគ្នានេះ លោកស្រី ដោ សម្ផស្ស ក៏បានសូមការអធ្យាស្រ័យ និងអភ័យទោស ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលនៅថ្ងៃទី១២មេសា ជាថ្ងៃដំបូងនៃការចេញដំណើរ មានការយឺតយ៉ាវដោយសារចំនួន ប្រជាពលរដ្ឋមកទទួលសេវាមានច្រើន លើសការរំពឹងទុក ដូចនេះ មានប្រជាពលរដ្ឋ មួយចំនួន ត្រូវ រង់ចាំ ដោយសារតម្រូវឱ្យមានការបន្ថែមរថយន្តក្រុងភ្លាមៗ ដើម្បីដោះស្រាយនូវបញ្ហាចំពោះមុខនេះ ។ លោកស្រីបានបន្ត ទៀត ថា៖ ទោះតិចឬច្រើន កត្តានេះ អាចបណ្តាមកពី វិបត្តិ តម្លៃប្រេង ដែលអាចប៉ះពាល់ដល់ថ្លៃសំបុត្រ រថយន្តក្រុងឯកជន ឬរថយន្តឈ្នួល ដែលធ្វើឱ្យប្រជាពលរដ្ឋងាកមកប្រើប្រាស់ រថយន្តក្រុងសាធារណៈ របស់រដ្ឋបាលរាជធានីភ្នំពេញ ដោយឥតគិតថ្លៃវិញ។
ទោះជាយ៉ាងណាក៏ដោយ រដ្ឋបាលរាជធានីភ្នំពេញ មានក្តីសប្បាយរីករាយ ដោយបានរួមចំណែក ចូលរួមសម្រាកបន្ទុក របស់បងប្អូនប្រជាពលរដ្ឋ ក្នុង ពេលដែលសេដ្ឋកិច្ច កំពុងមានភាពមិនច្បាស់លាស់ ខណៈនេះជាកិច្ចការមួយ ដែលលោកឃួង ស្រេង យកចិត្តទុកដាក់ និងតែងតែលើកទឹកចិត្ត ឱ្យពលរដ្ឋនៅរាជធានីភ្នំពេញ ងាកមកប្រើប្រាស់រថយន្តក្រុងសាធារណៈ ដែលកំពុងបម្រើសេវារៀងរាល់ថ្ងៃ ។
គួរឱ្យដឹងដែរថា ក្នុងឱកាសអញ្ជើញជូនដំណើរប្រជាពលរដ្ឋ កម្មករកម្មការិនីឡើងជិះរថយន្តក្រុងទៅលេងស្រុកកំណើត ដោយមិនគិតថ្លៃ កាលពីព្រឹកព្រលឹមថ្ងៃទី១២ មេសា នៅទីលានប្រជាធិបតេយ្យ មុខឃ្លាំងសាំង ក្នុងខណ្ឌឬស្សីកែវលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ប្រជាពលរដ្ឋ កម្មករ-កម្មការិនី បានជិះរថយន្តក្រុង ដោយមិនគិតថ្លៃ មានចំនួនច្រើនខ្លាំងជាងបណ្តាឆ្នាំមុនៗ ព្រោះពួកគាត់មានជំនឿជឿជាក់ លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងម្យ៉ាងទៀតដោយសារតម្លៃប្រេងឥន្ទនៈឡើងថ្លៃខ្ពស់ផងដែរ៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច