ព័ត៌មានទាន់ហេតុការណ៍៖

នៅត្រីមាសទី១ ឆ្នាំ២០២៦! ប្រទេសចិន នៅតែឈរលំដាប់លេខ១ បានមកបោះទុនវិនិយោគនៅកម្ពុជាច្រើនជាងគេ ក្នុងទឹកប្រាក់ជាង១,១៦៩លានដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមរបាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា ប្រទេសចិន បានឈរលំដាប់លេខ១ ដែលបានមកដាក់ទុនវិនិយោគនៅកម្ពុជាច្រើនជាងគេ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ក្នុងទំហំទឹកប្រាក់ ១,១៦៩លានដុល្លារអាមេរិ។

ររបាយការណ៍ដដែល បានបញ្ជាក់ថា នៅត្រីមាសទី១ ក្នុងឆ្នាំ២០២៦ ការវិនិយោគមកពីប្រទេសចិន ស្ថិតនៅលំដាប់លេខទី១ ដែលបានរួមចំណែកប្រមាណ ៤៦.៧៧% នៃទុនវិនិយោគសរុបនៅក្នុងប្រទេសកម្ពុជាចំនួន ២.៥ប៊ីលានដុល្លារអាមេរិក។ ចំណែកវិនិយោគិនកម្ពុជា ស្ថិតនៅលំដាប់លេខរៀងទី២ ដែលបានរួមចំណែកប្រមាណ ៣៨.០៦% ក្នុងទំហំទឹកប្រាក់ ៩៥១លានដុល្លារ ខណៈម៉ាឡេស៊ី ស្ថិតនៅលេខរៀងទី៣ រួមចំណែក ៨.១៤% ក្នុងទំហំទឹកប្រាក់ ២០៣លានដុល្លារ។

ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ គម្រោងវិនិយោគសរុប ដែលត្រូវបានចុះបញ្ជីនៅកម្ពុជា ទាំងការចុះបញ្ជី ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ទាំងការចុះបញ្ជីដោយអនុគណៈកម្មាធិការ វិនិយោគរាជធានី ខេត្ត (អ.គ.វ.រ.ខ.) មានចំនួន១៤៦គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ២.៥ប៊ីលានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៨២ពាន់កន្លែង។

ក្នុងចំណោមគម្រោងវិនិយោគទាំង១៤៦នេះ មានគម្រោងចំនួន ៩៥ ត្រូវបានចុះបញ្ជីដោយ ក.អ.ក. (ក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ៦០គម្រោង និងក្នុង តំបន់សេដ្ឋកិច្ចពិសេសចំនួន ៣៥គម្រោង) និងគម្រោងចំនួន ៥១ ត្រូវបានចុះបញ្ជីដោយ អ.គ.វ.រ.ខ.។

ក្នុងត្រីមាសទី១ ឆ្នាំ២០២៦នេះ កម្ពុជានៅតែអាចទាក់ទាញគម្រោងវិនិយោគធំៗ ដូចជាគម្រោង បង្កើតតំបន់សេដ្ឋកិច្ចពិសេស, គម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលខ្យល់, គម្រោងវិនិយោគបង្កើតរោងចក្រផ្តុំដំឡើងរថយន្ត, ផ្គុំដំឡើងម៉ូតូ, និងផលិតសំបកកង់រថយន្ត។

សូមជម្រាបថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ បានទាក់ទាញការវិនិយោគចំនួន ៨៣៩លានដុល្លារ, វិស័យឧស្សាហកម្មចំនួន ១,៣០០លានដុល្លារ, វិស័យកសិកម្ម កសិ-ឧស្សាហកម្មចំនួន២៤លានដុល្លារ និងវិស័យទេសចរណ៍ចំនួន៣០០លានដុល្លារ៕

ដោយ៖តារា


ចែករំលែក៖