ក្រុងព្រះសីហនុ៖(ដំណឹងបន្ថែម) នគរបាលទេសចរណ៍និងនគរបាលចរាចរណ៍ផ្លូវទឹកនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា ករណីក្មេងប្រុស-ស្រី លង់ទឹកសមុទ្រចំនួន ៤ នាក់ ក្នុងនោះមានម្នាក់បានស្លាប់ និង៣នាក់ទៀតជួយសង្គ្រោះបាន ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១២ និង ១៥ នាទីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ នៅឆ្នេរសមុទ្រកោះពស់ សង្កាត់៣ ក្រុងព្រះសីហនុ។ ក្នុងនោះជនរងគ្រោះរួមមាន៖
១-ឈ្មោះ ផល សីហា ភេទប្រុស(អាយុ៧ឆ្នាំ) មានស្រុកកំណើត ភូមិរលូន ឃុំបឹងត្រាំងខាងជើង ស្រុកសំរោង ខេត្តតាកែវ (ស្លាប់)។
២-ឈ្មោះ ជួន សុវណ្ណមករា ភេទប្រុស ( អាយុ៥ឆ្នាំ) មានស្រុកកំណើត ភូមិពោធិ៍ធំ ស្រុកបសេដ ខេត្តកំពង់ស្ពឺ (រស់)។
៣-ឈ្មោះ ជួន សុវណ្ណបញ្ញា ភេទស្រី (៧ឆ្នាំ) មានស្រុកកំណើត ភូមិពោធិ៍ធំ ស្រុកបសេដ ខេត្តកំពង់ស្ពឺ (រស់)។
៤-ឈ្មោះ ជួន សុវណ្ណនីតា ភេទស្រី (១០ឆ្នាំ )មានស្រុកកំណើត ភូមិពោធិ៍ធំ ស្រុកបសេដ ខេត្តកំពង់ស្ពឺ។
បើតាមការបញ្ជាក់របស់សាច់ញាតិក្មេងរងគ្រោះប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ក្មេងប្រុស-ស្រីទាំង ៤ នាក់បានរត់លេងនិងចុះលេងទឹកសមុទ្រប្រហែល ៧ នាទី ក៏លង់ទឹកតែម្តង ក្នុងនោះក្មេងប្រុសដែលស្លាប់តាមការអះអាងពីសាច់ញាតិថា ក្មេងប្រុសនោះបានលង់ទឹកសមុទ្របាត់ប្រហែល២០ នាទីទើបរកឃើញ ។ (សូមចូលរួមសោកស្តាយរំលែកទុក្ខ ចំពោះគ្រួសារជនរងគ្រោះ) ។ ពិសេសសូមឱ្យបងប្អូនជាអាណាព្យាល ឪពុកម្តាយ តាមដានយកចិត្តទុកដាក់ចំពោះកុមារពេលចុះលេងទឹកសមុទ្រ ៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច