ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំ ២+២ លើកកម្ពស់ភាពជាដៃគូគ្រប់ជ្រុងជ្រោយ កម្ពុជា-ចិន

ចែករំលែក៖

ភ្នំពេញ ៖ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានវាយតម្លៃខ្ពស់ថា កិច្ចប្រជុំ ២+២ ដែលត្រូវរៀបចំឡើង ឆាប់ៗនេះ នឹងលើកកម្ពស់ភាពជាដៃគូគ្រប់ជ្រុងជ្រោយ កម្ពុជា-ចិន។

កិច្ចប្រជុំលើកទី១ នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ “២+២” រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា និងចិន គ្រោងរៀបចំឡើង នាទីក្រុងភ្នំពេញ នៅថ្ងៃស្អែក នេះបើតាមក្រសួងការបរទេសកម្ពុជា។

បណ្ឌិត ជា មុនីឫទ្ធិ រៀបរាប់ថា «ជាតថភាព ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ជាពេលវេលាដែលប្រទេសយើងទាំងពីរ កម្ពុជានិងចិន បានកំណត់បើកកិច្ចប្រជុំ «យុទ្ធសាស្ត្រ ២+២» រវាងរដ្ឋមន្ត្រីក្រសួងការបរទេស និង រដ្ឋមន្ត្រីក្រសួង ការពារជាតិ ដែលនេះជាមេកានិកកម្រិតខ្ពស់មួយដោយគ្រោងនឹងបង្ហាញពីការកើនឡើងនៃភាពជាដៃគូ យុទ្ធសាស្ត្រសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។ លើសពីតួនាទីសន្តិសុខ និងការទូត កិច្ចប្រជុំនេះនឹងក្លាយ ជាវេទិកាយ៉ាងមុតស្រួចសម្រាប់ជំរុញល្បឿនកាន់តែលឿនបន្ថែមទៀតចាក់បញ្ចូលទៅក្នុងសមិទ្ធផលពេញ១ឆ្នាំដែលប្រទេសយើងទាំងពីរបានឯកភាពរួមគ្នាប្រសិទ្ធនាមថា «ការកសាងសហគមន៍ជោគវាសនារួម កម្ពុជា–ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី» ហើយក៏ជាការបញ្ជាក់យ៉ាងប្រត្យក្សពីកម្រិតខ្ពស់នៃទំនាក់ ទំនងទ្វេភាគី»។

លោកបន្តថា ជំនួបនេះ គឺជាមូលដ្ឋានគ្រឹះ កិច្ចកសាងសហគមន៍ជោគវាសនារួម បានផ្តល់គុណតម្លៃដល់ប្រទេសទាំងពីរ កម្ពុជានិងចិន មិនត្រឹមតែជាដៃគូសហប្រតិបត្តិការក្នុងនាមជាមិត្តដែកថែបប៉ុណ្ណោះទេ ថែមទាំងជាដៃគូ ដែលចែករំលែកអនាគតរួម គាំទ្រគ្នាទៅវិញទៅមកក្នុងគ្រប់វិស័យ និងគ្រប់កាលៈទេសៈ។ ក្នុងបរិបទនេះ កិច្ចប្រជុំ «២+២» ដែលនឹងបើកទំព័រថ្មីនៃសករាជត្បូងពេជ្រនៃទំនាក់ទំនងកម្ពុជានិងចិន ដោយនឹងផ្តល់ មូលដ្ឋានយុទ្ធសាស្ត្រដ៏រឹងមាំសម្រាប់ការសម្របសម្រួលគោលនយោបាយ និងសកម្មភាពរួម ដើម្បីធានាថា ការអភិវឌ្ឍ និងសន្តិសុខដើរតួនាទីគាំទ្រគ្នាទៅវិញទៅមក។

បើតាមលោកបណ្ឌិត កិច្ចប្រជុំនេះនឹងជួយ ៥ ចំណុច សំខាន់ៗ រួមមាន ៖

1. ពង្រឹង «ទំនុកចិត្តយុទ្ធសាស្ត្រគ្រប់រដូវកាល» ដែលមានន័យថា ទោះបីជាមានការប្រែប្រួលនៅក្នុងបរិបទអន្តរជាតិ ឬបញ្ហាប្រឈមថ្មីៗ កម្ពុជា និងចិននៅតែរក្សាការគាំទ្រគ្នាទៅវិញទៅមកយ៉ាងរឹងមាំ។ ការសហការរវាងវិស័យការបរទេស និងការពារជាតិធានាថា មានការឆ្លើយតបសមស្រប និងមានប្រសិទ្ធភាពចំពោះបញ្ហាសន្តិសុខ និងវិបត្តិផ្សេងៗ។

2. បង្កើត «សន្តិសុខរួម និងអភិវឌ្ឍន៍រួម» ដែលជាស្នូលនៃសហគមន៍ជោគវាសនារួម។ តាមរយៈការសហការលើវិស័យការពារជាតិ ការបណ្តុះបណ្តាល និងការផ្លាស់ប្តូរព័ត៌មាន ដែលកម្ពុជានឹងបង្កើនការលើកកម្ពស់សមត្ថភាពការពារជាតិ ខណៈដែលការអភិវឌ្ឍសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធដែលចិនបន្តជាវិនិយោគិនឈានមុខនៅកម្ពុជា។

3. ជំរុញការភ្ជាប់គ្នារវាងគម្រោងអភិវឌ្ឍន៍ធំៗ និងសន្តិសុខថាមពល ដូចជា កិច្ចសហប្រតិបត្តិការក្នុងតំបន់មេគង្គ–ឡានឆាង និងគម្រោងសេដ្ឋកិច្ចសំខាន់ៗផ្សេងៗរួមមានវារីអគ្គិសនី ថាមពលពីពន្លឺព្រះអាទិត្យ និងថាមពលពីខ្យល់។ ការសម្របសម្រួលនេះធានាថា គម្រោងអភិវឌ្ឍន៍អាចអនុវត្តបានដោយសុវត្ថិភាព និងមានចីរភាព ដែលជាគន្លឹះក្នុងការបង្កើតអនាគតរួមដ៏រឹងមាំ។

4. លើកកម្ពស់ «ការតភ្ជាប់ប្រជាជននិងប្រជាជន» ដែលជាមូលដ្ឋាននៃសហគមន៍ជោគវាសនារួម។ ក្រៅពីវិស័យយោធា និងការទូត កិច្ចប្រជុំក៏អាចជំរុញការផ្លាស់ប្តូរផ្នែកវប្បធម៌ អប់រំ និងមនុស្សធម៌ ដែលធ្វើឲ្យទំនាក់ទំនងកម្ពុជា–ចិនកាន់តែជិតស្និទ្ធ និងមានមូលដ្ឋានជ្រៅជ្រះនៅក្នុងសង្គម។

5. បង្កើនល្បឿនការកសាងសហគមន៍ជោគវាសនារួម «គ្រប់រដូវកាល» បង្ហាញពីភាពបន្តបន្ទាប់ និងចីរភាពនៃទំនាក់ទំនងទ្វេភាគី។

«ជារួម កិច្ចប្រជុំ «យុទ្ធសាស្ត្រ ២+២» មិនត្រឹមតែជាវេទិកាសម្រាប់ពិភាក្សាបញ្ហាសន្តិសុខនិងការទូត ប៉ុណ្ណោះទេ ប៉ុន្តែជាគុណតម្លៃរួមដ៏សំខាន់និងសកម្មសម្រាប់ជំរុញការកសាងសហគមន៍ជោគវាសនារួម កម្ពុជា–ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។ កិច្ចប្រជុំនេះក៏នឹងបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់ប្រទេស យើងទាំងពីរ កម្ពុជានិងចិន ក្នុងការបង្កើតអនាគតដែលមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយ ចីរភាព សម្រាប់ប្រជាជននៃប្រទេសយើងទាំងពីរ ព្រមទាំងសម្រាប់មនុស្សជាតិក្នុងតំបន់ និងពិភពលោកទាំងមូល» នេះបើតាម បញ្ញវន្ត រូបនេះ ដដែល៕

 

ប្រភព ៖ (CCFR)


ចែករំលែក៖