ខេត្តស្វាយរៀង៖ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុន រីណិត (ខេមបូឌា) អេចអ ឯ.ក ក្រោមអធិបតីភាព លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោក ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង។
លោក មុត ចិន្តា នាយកវិទ្យាស្ថាន បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះ មានគោលបំណងពង្រីកវិសាលភាពនៃការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារជាក់ស្តែង ទាំងក្នុងតំបន់ និងក្រៅប្រទេស ដើម្បីផលិតធនធានមនុស្សប្រកបដោយគុណភាព។
ក្នុងឱកាសនោះ លោក ប៉ែន ចាន់សេរី នាយកប្រតិបត្តិក្រុមហ៊ុន រីណិត (ខេមបូឌា) បានលើកឡើងថា តាមរយៈ MOU នេះ សិស្ស-និស្សិត នឹងទទួលបានការបណ្តុះបណ្តាលភាសា និងជំនាញច្បាស់លាស់ មុននឹងចេញទៅបម្រើការងារនៅប្រទេសជប៉ុន ស្របតាមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលទាំងពីរ ដើម្បីធានាបាននូវអត្ថប្រយោជន៍ សុវត្ថិភាព និងប្រាក់ឈ្នួលខ្ពស់។
មានប្រសាសន៍សំណេះសំណាលក្នុងពិធី លោក ម៉ែន អេង អភិបាលរងខេត្ត បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរបស់វិទ្យាស្ថាន និងបានផ្តល់អនុសាសន៍សំខាន់ៗដល់យុវជន ត្រូវជ្រើសរើសការងារក្នុងប្រទេសដែលផ្តល់តម្លៃដល់ពលករកម្ពុជា និងមានប្រាក់ឈ្នួលសមរម្យ។
ទន្ទឹមនេះ លោកបានរម្លឹកពីប្រវត្តិសាស្ត្រដ៏រុងរឿងនៃចក្រភពខ្មែរ (ដូចជាកំពង់ផែអូកែវ) ដែលបង្ហាញថាខ្មែរជាជាតិសាសន៍មានចំណេះដឹង និងចំណងការទូតតាំងពីបុរាណ ហើយថ្នាក់ដឹកនាំខ្មែរគ្រប់ជំនាន់តែងតម្កល់សន្តិភាពជាធំ។លោកថា ការទៅធ្វើការនៅបរទេស គឺជាឱកាសក្រេបជញ្ជក់ចំណេះដឹង និងបច្ចេកទេសទំនើបៗ ដើម្បីត្រឡប់មកកសាងមាតុភូមិវិញ។
លោកអភិបាលរងខេត្ត បានជំរុញឱ្យសិស្ស-និស្សិតទាំងអស់ ខិតខំរៀនសូត្រឱ្យមានជំនាញពិតប្រាកដ និងបានណែនាំដល់ មន្ទីរព័ត៌មានខេត្តស្វាយរៀង ឱ្យជួយផ្សព្វផ្សាយព័ត៌មាននេះឱ្យបានទូលំទូលាយ ដើម្បីឱ្យយុវជន និងសាធារណជនបានជ្រាបអំពីឱកាសការងារដ៏មានសារៈសំខាន់នេះ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច