ភ្នំពេញ៖ រដ្ឋកេឡានតាន់ ប្រទេសម៉ាឡេស៊ី មានគោលបំណងយកទីក្រុងភ្នំពេញធ្វើជាគំរូក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដោយរាជធានីភ្នំពេញមានការអភិវឌ្ឍបែបទំនេីប មានបេតិក ភណ្ឌ និងវៃឆ្លាតក្នុងការទាក់ទាញភ្ញៀវទេសចរបានមកទស្សនាជាហូរហែ។
នេះជាការលើកឡើងរបស់លោក Haji Zulkifle Abdul Rahman ប្រធានក្រុមប្រឹក្សាក្រុងកូតាបារូ រដ្ឋកេឡានតាន់ ប្រទេសម៉ាឡេស៊ី ក្នុងជំនួបពិភាក្សាការងារជាមួយលោក ហួត ហៃ អភិបាលស្ដីទី តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦នេះ នៅសាលារាជធានីភ្នំពេញ។
លោក Haji Zulkifle Abdul Rahman បានមានប្រសាសន៍លើកឡើងថា៖ រាជធានីភ្នំពេញសំបូរទៅដោយបេតិកភណ្ឌជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់ ដូច្នេះហើយទើបរដ្ឋកេឡានតាន់ ចង់សិក្សារៀនសូត្រពីរាជធានីភ្នំពេញ ជាមួយនឹងការបង្កើនកិច្ចសហការជាមួយរាជធានីភ្នំពេញឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
លោក Haji Zulkifle Abdul Rahmanបានបញ្ជាក់ថា គោលបំណងមកលេងរាជធានីភ្នំពេញដោយសារពួកយើងបានឮអ្នកទេសចរ ពិសេសអ្នកទេសចររដ្ឋកេឡានតាន់ បានកោតសរសើររាជធានីភ្នំពេញថា ជាទីក្រុងមានភាពស្រស់ស្អាត មានភាពទាក់ទាញ ដូច្នេះហើយទើបរដ្ឋកេឡានតាន់មកលេងរាជធានីភ្នំពេញ ដើម្បីយកទីក្រុងភ្នំពេញជាគំរូក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលអាចទាក់ទាញភ្ញៀវទេសចរបានមកទស្សនាជាហូរហែ ពិសេសការអភិវឌ្ឍបែបទំនេីប បេតិកភណ្ឌនិងវៃឆ្លាត ទោះបីមិនបាន១០០%ក៏អាចបាន៥០ទៅ៦០%ដែរ។
ក្នុងឱកាសនោះដែរ លោក Haji Zulkifle Abdul Rahman ក៏បានសុំឱ្យរាជធានីភ្នំពេញបង្ហាញផ្លូវនិងបង្រៀនពួកយើងខ្ញុំអំពីការអភិវឌ្ឍរៀបចំរាជធានីភ្នំពេញ ដើម្បីយកជាគំរូក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឱ្យដូចរាជធានីភ្នំពេញដែរ។ ជាមួយគ្នានោះ ប្រធានក្រុមប្រឹក្សា ក្រុងកូតាបារូ រដ្ឋកេឡានតាន់ ក៏បានសូមអញ្ជើញប្រតិភូរដ្ឋបាលរាជធានីភ្នំពេញទៅលេងក្រុងកូតាបារូ នាពេលខាងមុខផងដែរ។
លោក ហួត ហៃ អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា៖ ក្នុងនាមតំណាងឱ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញនឹងបន្តកិច្ចសហការបន្ថែមទៀតជាមួយក្រុងកូតាបារូ ថ្ងៃនេះក្រុងកូតាបារូមកលេងរាជធានីភ្នំពេញ ថ្ងៃខាងមុខគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញនឹងទៅលេងក្រុងកូតាបារូ រដ្ឋកេឡានតាន់ ប្រទេសម៉ាឡេស៊ីវិញ៕. ដោយ សំរិត

ដោយ៖សំរិត
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច