ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល ៣ខែ ឆ្នាំ២០២៦នេះ! ការនាំចេញដំឡូងមីរបស់កម្ពុជា រកចំណូលបានជាង ៣៧៦លានដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ កម្ពុជារកចំណូលបានជាង ៣៧៦ លានដុល្លារ ពីការនាំចេញដំឡូងមី នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២៦ (មករា-មីនា) ២០២៦ កើនឡើង ១៦,២៦% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៥ ខណៈកម្ពុជាបានបង្កើនការកែច្នៃលើកកម្ពស់គុណភាពដំឡូងមីស្របតាមតម្រូវការទីផ្សារ។

បើតាមប្រធានសមាគមកសិករដំឡូងមីខ្មែរ លោក អិល ឈិញ បានឱ្យដឹងថា តម្លៃដំឡូងមីស្រស់បានកើនឡើងវិញដល់ជាង ៣០០ រៀល ក្នុងមួយគីឡូ ចាប់តាំងពីដើមខែកុម្ភៈ ២០២៦ ដោយសារការកើនឡើងនៃតម្រូវការសកល។

ប្រធានសមាគមកសិករដំឡូងមីរូបនេះ បានបញ្ជាក់ថា៖ «តម្លៃដំឡូងមីស្រស់នៅភាគខាងជើង ២៩០ រៀល ក្នុងមួយគីឡូ នៅភូមិភាគកណ្ដាល មានខេត្តកំពង់ធំ ខេត្តកំពង់ចាម ឡើងដល់ ៤០០ រៀល ក្នុងមួយគីឡូ និងភាគខាងលិចមានខេត្តបាត់ដំបង ខេត្តប៉ៃលិន ឡើងដល់ជាង ៣០០ រៀល ក្នុងមួយគីឡូ»។

លោកបន្ថែមថា នៅក្នុងឆ្នាំ២០២៦នេះ កសិករភាគច្រើនធ្វើដំឡូងមីស្ងួត ដែលទទួលបានតម្លៃខ្ពស់ រហូតដល់ជាង ៦០០ រៀល ក្នុងមួយគីឡូ។ ទីផ្សារដំឡូងមីកម្ពុជា មានប្រទេសវៀតណាម ចិន និងការប្រើប្រាស់ក្នុងស្រុក។

សូមជម្រាបជូនថា រាជរដ្ឋាភិបាលបានខិតខំជំរុញ និងពង្រីកទីផ្សារនាំចេញដំឡូងមីរហូតដល់ប្រមាណ ១០ លានតោន ទៅកាន់ទីផ្សារអន្តរជាតិនៅក្នុងឆ្នាំ ២០២៥។

ដោយឡែកយោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០២៥ កម្ពុជារកចំណូលបាន ៦៤៦ លានដុល្លារ ពីការនាំចេញដំឡូងមី ធ្លាក់ចុះ ១៤,៤៨% ប្រៀបធៀបនឹងឆ្នាំ ២០២៤។ បរិមាណនាំចេញដំឡូងមីស្រស់មានចំនួន ៣ ១០៥ ៥០០ តោន ធ្លាក់ចុះ ៩,៨២% នៅក្នុងឆ្នាំ ២០២៥ រីឯចំណិតដំឡូងមីក្រៀមបានកើនឡើង ៦២,២២% ដែលមានចំនួន ១ ៥៦៥ ៩៤០ តោន ប្រៀបធៀបឆ្នាំ ២០២៤៕

ដោយ៖តារា


ចែករំលែក៖