ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋជាង២០០នាក់មកពីស្រុកក្រគរខេត្តពោធិ៍សាត់ធ្វើទស្សនកិច្ចសិក្សានៅសារៈមន្ទីរប្រល័យពូជសាសន៍ទួលស្លែង និងជើងឯក

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋជាង ២០០ នាក់មកពីស្រុកក្រគរ ខេត្តពោធិ៍សាត់ បានធ្វើទស្សនកិច្ចសិក្សានៅសារៈមន្ទីរប្រល័យពូជសាសន៍ទួលស្លែង និងជើងឯក នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ នេះដើម្បីស្វែងយល់ពីទីតាំងឧក្រិដ្ឋកម្មទាំងពីរនេះ។ រៀបចំដោយផ្នែកកិច្ចការសាធារណៈនៃសាលាក្តីខ្មែរក្រហម ដំណើរទស្សនកិច្ចនេះ មានគោលបំណងក្នុងការពង្រឹងការយល់ដឹងរបស់បងប្អូនប្រជាពលរដ្ឋអំពីប្រវត្តិសាស្ត្រនៃរបបកម្ពុជាប្រជាធិតេយ្យ ឧក្រិដ្ឋកម្មដែលកើតឡើងក្នុងរបបខ្មែរក្រហមក៏ដូចជាស្វែងយល់ពីដំណើរការជំនុំជម្រះក្តីលើអតីតមេដឹកនាំខ្មែរក្រហម ដោយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដើម្បីស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋខ្មែរ ។

មន្ត្រីនាំពាក្យនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការ លោក នេត្រ ភក្ត្រា បានជួប និងពន្យល់ដោយ ផ្ទាល់ជូនដល់ប្រជាពលរដ្ឋអំពីការវិវឌ្ឍថ្មីៗរបស់តុលាការ ដោយបានចាប់ផ្តើមពន្យល់ពីការជំនុំជម្រះក្តីលើអតីតប្រធានគុកទួលស្លែង កាំង ហ្គេកអ៊ាវ ហៅឌុច ចំពោះមុខការទទួលខុសត្រូវលោកនៅលើឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តក្រោមការគ្រប់គ្រងរបស់លោក។ ឌុចត្រូវបានអង្គជំនុំជម្រះតុលាការកំពូលសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារអស់មួយជីវិតចំពោះឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនិងឧក្រិដ្ឋកម្មសង្គ្រាម។ពលរដ្ឋក៏បាន ជួប និងស្តាប់ការចែករំលែកបទពិសោធក្នុងនាមជាអតីតអ្នកទោសនៅគុកទួលស្លែងរបស់លោកតា ជុំ មី ផងដែរ។ លោក ជុំ ម៊ី បានរៀបរាប់អំពីទុក្ខលំបាក និងការធ្វើទារុណកម្មរបស់ក្រុមខ្មែរក្រហមមកលើគាត់ ប្រាប់បងប្អូនប្រជាពលរដ្ឋដែលធ្វើឱ្យពួកគាត់ ម្នាក់ៗព្រឺសម្បុរ ។

ក្រៅពីនេះ លោក នេត្រ ភក្ត្រា បានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋអំពីដំណើរការរបស់សាលាក្តីខ្មែរក្រហមដែល បានសម្រេចនសពេលកន្លងមកក្នុងនោះ ឧក្រិដ្ឋកម្មដែលបានកើតឡើងនៅគុកទូលស្លែង និងនៅបឹងជើងឯកត្រូវបានយកទៅជំនុំជម្រះក្តីនៅសាលាក្តីខ្មែរក្រហមដោយជនជាប់ចោទ កាំង ហ្គេចអ៊ាវ ហៅឌុច អតីតប្រធានគុកទួល ស្លែងត្រូវបានអង្គជំនុំជម្រះតុលាការកំពូលសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។ បច្ចុប្បន្ន ឌុច មានអាយុ ៧៤ ឆ្នាំ និងកំពុងតែអនុវត្តទោសជាប់ពន្ធនាគារមួយជីវិតរបស់គាត់នៅពន្ធនាគារខេត្តកណ្តាល។

លោកបានឱ្យដឹងផងដែរថា ការជំនុំជម្រះក្តីសំណុំរឿង ០០២/០២ ដែលមាន ជនជាប់ចោទ នួន ជា និងខៀវ សំផន បានដំណើរការរយៈពេលជាង ២២០ ថ្ងៃហើយ និងបានស្តាប់ការផ្តល់សក្ខី កម្មសាក្សីជិត ១០០ នាក់ ដើមបណ្តឹងរដ្ឋប្បវេណីជាង ៥០ នាក់ និងអ្នកជំនាញចំនួន ៥ រូប។

អង្គជំនុំជម្រះសាលា ដំបូងដែលកំពុងបើកសវនាការសួរដេញដោលលើភស្តុតាំងក្នុងសំណុំរឿង ០០២/០២ ទាក់ទងនឹងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិចាម និងជនជាតិវៀតណាម និងឧក្រិដ្ឋកម្មសង្គ្រាម ហើយគ្រោងនឹងបញ្ចប់ការសួរដេញដោលនៅចុងឆ្នាំ ២០១៦នេះ។ អង្គជំនុំជម្រះសាលាដំបូងគ្រោងនឹងប្រកាសសាលក្រមលើសំណុំរឿង០០២/០២ ចុងឆ្នាំ ២០១៧ ៕ សហការី

image3 image1 image2


ចែករំលែក៖