ព័ត៌មានទាន់ហេតុការណ៍៖

ឯកឧត្តម ទន់ សារ៉ាត រដ្ឋលេខាធិការ ជាតំណាង ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញគោរពវិញ្ញាណក្ខ័ន្ធសពលោកយាយឧបាសិកា លឹម គឹមលាង ម្តាយបង្កើត ឯកឧត្តម ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ជាការចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ទន់ សារ៉ាត រដ្ឋលេខាធិការ ជាតំណាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញទៅធ្វើការគោរពវិញ្ញាណក្ខ័ន្ធសពលោកយាយឧបាសិកា លឹម គឹមលាង ម្តាយបង្កើត ឯកឧត្តម ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃសព ស្ថិតនៅភូមិកំពង់បឹង ឃុំកំពង់ហាវ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

នៅក្នុងឱកាសនេះដែរ ឯកឧត្តម ទន់ សារ៉ាត រួមដំណើរដោយ ឯកឧត្តម ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន បាននាំយកនូវសារលិខិតរំលែកមរណទុក្ខ របស់ឯកឧត្តមរដ្ឋមន្ត្រី ជូនចំពោះ ឯកឧត្តម ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោកជំទាវ លី ប៊ុនសែ ព្រមទាំងក្រុមគ្រួសារ ដោយក្នុងសារលិខិតបានគូសបញ្ជាក់ថា តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងព័ត៌មាន ខ្ញុំពិតជាមានសេចក្ដីក្ដុកក្ដួល និងសោកស្តាយ យ៉ាងក្រៃលែង ដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា ឧបាសិកា លឹម គឹមលាង ត្រូវជាម្តាយ ម្តាយក្មេក របស់ ឯកឧត្តម និងលោកជំទាវ បានទទួលមរណភាព នាថ្ងៃចន្ទ ១១កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ០៤:០៣ នាទីព្រឹក ក្នុងជន្មាយុ ៨៤ឆ្នាំ ដោយជរាពាធ។

ការទទួលមរណភាពរបស់ឧបាសិកា លឹម គឹមលាង ជាការបាត់បង់ម្តាយបង្កើត ម្តាយក្មេក ជីជូន និងសាច់សាលោហិតជាទីគោរពស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌ និងមនោសញ្ចេតនាយ៉ាង ជ្រាលជ្រៅចំពោះក្រុមគ្រួសារ ដែលបានចិញ្ចឹមបីបាច់ថែរក្សា អប់រំ បណ្តុះបណ្តាលបញ្ញាស្មារតីដល់កូនៗ ចៅៗ ឱ្យមានចំណេះដឹងជ្រៅជ្រះ និងក្លាយជាពលរដ្ឋល្អនៅក្នុងសង្គម។

ក្នុងវេលាប្រកបដោយក្តីវិយោគ និងសេចក្តីសោកសង្រេងនេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវការ សោកស្តាយ ស្រណោះអាឡោះអាល័យជាពន់ពេក និងសូមចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំជាមួយ ឯកឧត្តម ឡុង សេង និង លោកជំទាវ លី ប៊ុនសែ ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧបាសិកា លឹម គឹមលាង សូមបានទៅកាន់ឋានបរមសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ប្រភព ៖ (ទទក)


ចែករំលែក៖