ព័ត៌មានទាន់ហេតុការណ៍៖

៣ខែដើមឆ្នាំ២០២៦ សាលាជាតិរដ្ឋបាលមូលដ្ឋាន បន្តការបណ្តុះបណ្តាលបាន៧វគ្គ និងសម្រេចលទ្ធផលសំខាន់ជាច្រើនទៀត

ចែករំលែក៖

ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ គិតពីខែមករា ដល់ខែមីនា ឆ្នាំ២០២៦ សាលាជាតិរដ្ឋបាលមូលដ្ឋាននៃក្រសួងមហាផ្ទៃ ហៅកាត់ថា NASLA បានរៀបចំវគ្គបណ្តុះបណ្តាលចំនួន៧វគ្គ ដោយមានសិក្ខាកាមជាមន្រ្តី ចូលរួមសិក្សា៣៧៦រូប ក្នុងនោះមានស្រ្តី ១៦៤រូប។ យោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ មន្រ្តីទទួលការបណ្ដុះបណ្ដាលទាំងនោះ ជាមន្ត្រីរាជការស៊ីវិល នៅទីស្តីការក្រសួងមហាផ្ទៃ និងមកពីរដ្ឋបាលថ្នាក់ក្រោមជាតិ។

យោងតាមរបាយការណ៍ ផ្តល់មកកាន់ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ សាលាជាតិរដ្ឋបាលមូលដ្ឋាន ក៏បានពង្រីកវិសាលភាពតាមរយៈការផ្សព្វផ្សាយអាហារូបករណ៍អន្តរជាតិសំខាន់ៗចំនួន ៣ ស្តីពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍន៍អាស៊ី និងប្រទេសកូរ៉េ (ADB-Korea Fellowship Program) សម្រាប់ឆ្នាំ២០២៦ កម្មវិធីអាហារូបករណ៍នូវែលហ្សេឡង់ (MNZS) សម្រាប់ឆ្នាំ២០២៧ និងវគ្គបណ្តុះបណ្តាលរយៈពេលខ្លី “Mid-Level Public Sector Leadership” របស់ប្រទេសនូវែលហ្សេឡង់។

ក្នុងរយៈពេល៣ខែនោះដែរ សាលាក៏បានចាត់បញ្ជូនមន្ត្រីចំនួន ២រូប មានស្រី១រូប ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលរយៈពេលខ្លីចំនួន១វគ្គ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-សិង្ហបុរី ផងដែរ។

ដោយឡែក ដើម្បីអភិវឌ្ឍកម្មវិធីសិក្សា សាលាបានកំពុងខិតខំរៀបចំបញ្ចប់កម្មវិធីសិក្សាចំនួន២ រួមមាន កម្មវិធីសិក្សាបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដែលមានវឌ្ឍនភាពប្រមាណ ៧៥% ដោយបាននិងកំពុងកែសម្រួលបញ្ចប់សេចក្តីព្រាងកម្មវិធីសិក្សា ព្រមទាំងកំពុងរៀបចំកម្មវិធីសិក្សាថ្មីចំនួន៤ផ្សេងទៀត ដែលអាចនឹងបញ្ចប់ក្នុងឆ្នាំ២០២៦។

សម្រាប់ទិសដៅការងារបន្តក្នុងត្រីមាសទី២ សាលាជាតិរដ្ឋបាលមូលដ្ឋានបានកំណត់ផែនការយុទ្ធសាស្ត្រយ៉ាងច្បាស់លាស់ ក្នុងការជំរុញការរៀបចំវគ្គបណ្តុះបណ្តាលឱ្យស្របតាមផែនការប្រចាំឆ្នាំ ព្រមទាំងបន្តពង្រឹងគុណភាពអប់រំតាមរយៈការអភិវឌ្ឍកម្មវិធីសិក្សា ការរៀបចំសៀវភៅគោល និងការកែលម្អបរិស្ថានសិក្សាឱ្យកាន់តែមានប្រសិទ្ធភាព។ សាលាក៏នឹងបន្តជំរុញការស្រាវជ្រាវ និងផ្សព្វផ្សាយលើប្រធានបទអភិបាលកិច្ចមូលដ្ឋាន រួមទាំងបន្តពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូតាមគ្រប់រូបភាព ជាពិសេសការបន្តតាមដាន និងជំរុញការអនុវត្តគម្រោង កម្មវិធីនានាដែលមានស្រាប់ ក៏ដូចជារៀបចំបញ្ចប់សំណើគម្រោងនានាដើម្បីកៀរគរការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ។

លោក សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ជារួមក្នុងត្រីមាសទី១ ឆ្នាំ២០២៦នេះ សាលាជាតិរដ្ឋបាលមូលដ្ឋានបានខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ដោយសម្រេចបានលទ្ធផលលើការងារសំខាន់ៗជាច្រើនរួមមាន ការអភិវឌ្ឍសមត្ថភាព និងពង្រឹងគុណភាពអប់រំ ការរៀបចំឯកសារស្រាវជ្រាវពាក់ព័ន្ធនឹងអភិបាលកិច្ចមូលដ្ឋាន ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិ និងអន្តរជាតិ ព្រមទាំងបានជំរុញការធ្វើទំនើបកម្មអង្គភាព ដើម្បីឆ្លើយតបនឹងការធ្វើបរិវត្តកម្មឌីជីថល។

សូមបញ្ជាក់ថា សាលាជាតិរដ្ឋបាលមូលដ្ឋាន ជាអង្គភាពមួយចំណុះទីស្ដីការក្រសួងមហាផ្ទៃដែលមានឋានៈស្មើអគ្គនាយកដ្ឋាន។ សាលានេះមានតួនាទីអភិវឌ្ឍន៍សមត្ថភាពមន្រ្តីរាជការក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ សិស្ស និស្សិត និងអ្នកពាក់ព័ន្ធដទៃទៀត សិក្សាស្រាវជ្រាវអំពីអភិបាលកិច្ច ការអភិវឌ្ឍមូលដ្ឋាន ការលើកកម្ពស់ស័្វយភាពមូលដ្ឋាន និងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ។ នេះបើយោងតាមអនុក្រឹត្យស្ដីពីការបង្កើតសាលាជាតិរដ្ឋបាលមូលដ្ឋាន ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦៕

ដោយ : លោក សេង បូលីន មន្ត្រីអ្នកនាំពាក្យក្រសួងមហាផ្ទៃ


ចែករំលែក៖