ព័ត៌មានទាន់ហេតុការណ៍៖

អីរ៉ង់ព្រមានអាមេរិក ក្រោយប្រធានាធិបតី លោក ដូណាល់ ត្រាំ ហាក់បដិសេធដោយប្រយោលចំពោះសំណើចុងក្រោយ

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ បាននិយាយថាសហរដ្ឋអាមេរិកកំពុងប្រឈមនឹងជម្រើសមួយរវាងប្រតិបត្តិការយោធាដែលនឹងទទួល បរាជ័យ ឬកិច្ចព្រមព្រៀងដ៏អាក្រក់មួយជាមួយអ៉ីរ៉ង់ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហាក់បដិសេធដោយប្រយោលចំពោះសំណើចុងក្រោយបំផុតរបស់តេហេរ៉ង់។

កិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់បានជាប់គាំងចាប់តាំងពីមានបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី៨ ខែមេសា ដោយមកទល់នឹងពេលនេះមានកិច្ចចរចាតែមួយលើកប៉ុណ្ណោះ បានធ្វើឡើងរវាងភាគីទាំង២ ក្រោមកិច្ចសម្របសម្រួលពីប៉ាគីស្ថាន។ ទីភ្នាក់ងារសារព័ត៌មានអ៉ីរ៉ង់ Tasnim និង Fars បានរាយការណ៍ថាតេហេរ៉ង់បានផ្ញើសំណើចុងក្រោយមាន ១៤ចំណុច ទៅឱ្យសហរដ្ឋអាមេរិកតាមរយៈប៉ាគីស្ថាន។ ប៉ុន្តែលោក ត្រាំបានបង្ហាញការសង្ស័យភ្លាមៗចំពោះសំណើនេះ។ «ខ្ញុំនឹងពិនិត្យផែនការដែលអ៉ីរ៉ង់ទើបតែបញ្ជូនមកឱ្យពួកយើង ក្នុងពេលឆាប់ៗ ប៉ុន្តែខ្ញុំមិនអាចសម្រៃបានទេថាវាអាចនឹងត្រូវទទួលយក ព្រោះនៅក្នុងនោះពួកគេមិនទាន់តបស្នងនូវតម្លៃមួយយ៉ាងស័ក្តិសមសម្រាប់អ្វីដែលពួកគេបានធ្វើដាក់មនុស្សជាតិ និងពិភពលោក អស់រយៈពេលជា ៤៧ឆ្នាំមកនេះឡើយ»។ នេះជាការគូសបញ្ជាក់របស់លោក ត្រាំ។

បើតាមសារព័ត៌មានអាមេរិក Axios សំណើចុងក្រោយបំផុតរបស់អ៉ីរ៉ង់ ក្នុងនោះមានទាំងការដាក់ឱសានរយៈពេល១ខែ សម្រាប់កិច្ចចរចាស្វែងរកកិច្ចព្រមព្រៀងមួយដើម្បី ច្រកសមុទ្រ Hormuz បិទបញ្ចប់ការបិទខ្ទប់របស់សហរដ្ឋអាមេរិក និងបញ្ចប់សង្រ្គាមអចិន្ត្រៃយ៍ទាំងនៅក្នុងប្រទេសអ៉ីរ៉ង់ និងនៅលីបង់។ កាលពីប៉ុន្មានថ្ងៃមុន អនុរដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Kazem Gharibabadi បានប្រាប់ក្រុមមន្ត្រីទូតក្នុងទីក្រុងតេហេរ៉ង់ថាការសម្រេចចិត្តគឺកំពុងស្ថិតនៅក្នុងដៃរបស់សហរដ្ឋអាមេរិកថាតើចង់ជ្រើសរើសជម្រើសការទូត ឬការប្រឈមមុខដាក់គ្នា។ លោក Gharibabadi បន្ថែមថាអ៉ីរ៉ង់បានត្រៀមខ្លួនជាស្រេចសម្រាប់ជម្រើសទាំង២៕


ចែករំលែក៖