ខេត្តបន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ក្នុងឱកាសទទួលស្វាគមន៍ លោកស្រី Matidlda Bogner តំណាងប្រចាំប្រទេស នៃអង្គការសហប្រជាជាតិសិទ្ធិមនុស្សប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានជម្រាបជូនអំពីស្ថានភាពទូទៅក្រោយពេលដែលយោធាថៃបានបើកការឈ្លានពានមកលើដល់អធិបតេយ្យភាពរបស់កម្ពុជា ពិសេសក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ បណ្តាលឱ្យជីវិតជនស៊ីវិលស្លូតត្រង់បានស្លាប់ចំនួន ៩នាក់ របួស ៧៧នាក់ ខូចខាតលំនៅដ្ឋាន២.០១៨ខ្នង។
នាឱកាសនោះដែរ លោកអភិបាលខេត្ត បានបញ្ជាក់ថា ក្រៅពីបណ្ដាលឱ្យប្រជាពលរដ្ឋស្លូតត្រង់រងរបួស និងស្លាប់បាត់បង់ជីវិត ដីផ្ទះសម្បែងរបស់ពលរដ្ឋននៅតាមបន្ទាត់ព្រំដែន ក៏ត្រូវបានយោធាថៃធ្វើការហ៊ុមព័ទ្ធ និងបំផ្លាញផ្ទះសំបែងរបស់ពួកគាត់គ្មានសល់ ក្រោយពីបទឈប់បាញ់លើកទី២ ចូលជាធរមាន ធ្វើឱ្យពលរដ្ឋកម្ពុជាគ្មានសំបែងរស់នៅ ព្រមទាំង មានគ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះជាច្រើន ជាពិសេសគ្រាប់បែកចង្កោម ស្ថិតនៅរាយប៉ាយស្ទើរគ្រប់ទីកន្លែង នៅតាមបណ្តាក្រុងស្រុកជាប់ព្រំដែន។
លោក អ៊ុំ រាត្រី បន្តថា ដោយទទួលបានការយកចិត្តទុក្ខដាក់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានរៀបចំមណ្ឌលសមាគមអតីតយុទ្ធជន នៅក្នុងឃុំស្លក្រាម ជាជំរកបណ្តោះអាសន្នដែលមានលក្ខណៈប្រសើរជាងមុនដោយផ្តល់ដីទំហំ ២០មx៣០ម ក្នុងមួយគ្រួសារ លើផ្ទៃដីសរុបចំនួន ៤០០ហិកតា ខណៈ ដែលពួកគាត់ទាំងនោះមិនអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន។
ជាមួយគ្នានោះ ក៏មានការរៀបចំហេដ្ឋារចនាសម្ព័ន្ធរួមមាន ផ្លូវគមនាគមន៍ ប្រព័ន្ធទឹក អគ្គិសនី សាលារៀន មណ្ឌលសុខភាពជាដើម។ ក្រោយពីស្តាប់នូវការរាយការណ៍សង្ខេបរបស់ អភិបាលខេត្ត, លោកស្រី Matidlda Bogner ក៏បានសម្តែងនូវការចូលរួមសោកស្តាយចំពោះការផ្ទុះអាវុធជាលើកទី២ នៅតាមបន្ទាត់ព្រំដែន កាលពីចុងឆ្នាំ២០២៥កន្លងទៅ បណ្តាលឱ្យពលរដ្ឋស្លូតត្រង់រងរបួស និងបាត់បង់ជីវិត និងត្រូវចាកឆ្ងាយពីផ្ទះសំបែង មិនទាន់បានត្រឡប់ទៅវិញបាន ។
ក្នុងដំណើរបំពេញបេសកកម្មក្នុងខេត្តបន្ទាយមានជ័យ លោកស្រី ក៏ធ្វើដំណើរដើម្បីទៅជួបជាមួយនឹងប្រជាពលរដ្ឋភៀសសឹក នៅជម្រកបណ្ដោះអាសន្ន ដែលអាជ្ញាធរបានរៀបចំជូន ដែលត្រូវយោធាថៃ រាយបន្លាលួសហ៊ុំព័ទ្ធគ្រប់គ្រងទាំងកម្រោលធ្វើឱ្យប្រជាពលរដ្ឋមិនអាចចូលទៅរស់នៅវិញបានក្រោយបទឈប់បាញ់ចូលជាធរមានកាលពីចុងឆ្នាំ២០២៥កន្លងទៅ៕

ដោយ៖ តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច