ព័ត៌មានទាន់ហេតុការណ៍៖

រន្ទះបាញ់ ឆក់យកជីវិត​ស្ត្រីចំណាស់វ័យជាង៧១ឆ្នាំ​ម្នាក់ និង​មេគោ​ផើម១ក្បាល​នៅស្រុកព្រះស្ដេច

ចែករំលែក៖

ខេត្ត​ព្រៃវែង ៖ ស្ត្រី​ចំណាស់​អាយុ៧១ឆ្នាំ​ម្នាក់​បាន​ស្លាប់​បាត់បង់ជីវិត ​ដោយសារ​តែ​ត្រូវ​រន្ទះ​បាញ់​ក្នុង​ពេល​ដែល​គាត់​កំពុង​ដើរ​ដឹកគោ​​ពី​វាលស្រែ​ត្រឡប់​ទៅផ្ទះ​វិញ​។ ចំណែក​មេគោ​ផើម​១ក្បាល​ទៀត ក៏​​ត្រូវ​​រន្ទះបាញ់ ​បណ្ដាល​ឲ្យ​ងាប់​ក្នុង​ពេល​បន្ទាប់​គ្នា​នោះ​ផង​ដែរ​។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង១២ និង៣០នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី០៥ខែ ឧសភា ឆ្នាំ២០២៦ នៅ​ចំណុច​ឃុំ​បឹង​ដោល ស្រុក​ព្រះស្ដេច​ ខេត្តព្រៃវែង​។

ស្ត្រី​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ​សំរឹទ្ធ សា​ម៉ុ​ន អាយុ៧១ ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​។

សមត្ថកិច្ច​បានឱ្យដឹង​ថា នៅ​វេលា​ម៉ោង១២ថ្ងៃត្រង់ មេឃ​បាន​ធ្លាក់​ភ្លៀង លាយឡំ​និង​ខ្យល់​យ៉ាង​ខ្លាំង ដោយ​បារម្ភ​គោ​របស់​ខ្លួន​ដែល​ចង​ឲ្យ​ស៊ី​ស្មៅ​នៅ​វាលស្រែ​ខាងក្រោយ​ផ្ទះ ស្ត្រី​រង​គ្រោះ​បាន​ដើរទៅ​ដឹកគោ​មក​ផ្ទះ​ទាំង​ភ្លៀង ហើយ​ពេល​មក​ជិត​ដល់​ផ្ទះ​ក៏​ត្រូវ​រន្ទះបាញ់​ចំ បណ្ដាល​ឱ្យ​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​តែ​ម្ដង​។

ក្រោយ​ពីរ​រន្ទះបាញ់​ត្រូវ​ស្ត្រី​រង​គ្រោះ បណ្ដាល​ឱ្យ​ស្លាប់​បាន​១​ម៉ោង​ក្រោយមក នៅ​ឃុំ​ក្រាំង​ស្វាយ​ស្រុក​ព្រះស្ដេច មេគោ​ផើម​ដែល​ម្ចាស់​ចងឱ្យ​ស៊ី​ស្មៅ​នៅ​វាលស្រែ ក៏​ត្រូវ​រន្ទះបាញ់ បណ្ដាល​ឲ្យ​ងាប់​ភ្លាម​ៗ​ផង​ដែរ​។

អាជ្ញាធរ និង​សមត្ថកិច្ច បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន ពេល​មាន​ភ្លៀង​ធ្លាក់​ត្រូវ​នាំ​សត្វ​ចិញ្ចឹម​និង​កូនចៅ ចូល​រក​កន្លែង​មាន​សុ​វត្តិ​ភាព ការពារ​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ដោយសារ​តែ​កត្តា​ធម្មជាតិ​បែប​នេះ​ ៕​

ដោយ៖ សូរិយា


ចែករំលែក៖