អន្តរជាតិ ៖ លោក Stéphane Dujarric អ្នកនាំពាក្យរបស់លោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្លែងនៅថ្ងៃទី៥ខែឧសភាថា អង្គការសហប្រជាជាតិសូមស្វាគមន៍ចំពោះការដែលប្រទេសរុស្ស៊ីនិងអ៊ុយក្រែនបានប្រកាសបទឈប់បាញ់ដោយឯកតោភាគីដោយឡែកពីគ្នា។
នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ លោក Dujarric បាននិយាយថា លោក Guterres រំពឹងថាការឈប់បាញ់នឹងត្រូវបានអនុវត្ត ហើយក៏សូមអំពាវនាវម្តងទៀតឱ្យមានការឈប់បាញ់ដោយគ្រប់ជ្រុងជ្រោយភ្លាមៗ គ្មានលក្ខខណ្ឌនិងជាអចិន្រ្តៃយ៍ ដើម្បីឈានដល់សន្តិភាពដែលប្រកបដោយភាពយុត្តិធម៌ គ្រប់ជ្រុងជ្រោយនិងចីរភាព ដែលស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងសេចក្តីសម្រេចចិត្តពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ ។
គួរបញ្ជាក់ថា ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសនៅថ្ងៃទី៤ ខែឧសភាថា លោកភូទីនប្រធានាធិបតីរុស្ស៊ីបានសម្រេចចិត្តអនុវត្តបទឈប់បាញ់នៅទិវាជ័យជម្នះចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែឧសភា ដើម្បីរំលឹកពីជ័យជម្នះរបស់ប្រជាជនសូវៀតក្នុងសង្គ្រាមស្នេហាជាតិដ៏អស្ចារ្យ។
នៅយប់ថ្ងៃដដែលនោះ លោក ហ្សេលេនស្គីប្រធានាធិបតីអ៊ុយក្រែនបានបង្ហោះសារនៅលើបណ្តាញទំនាក់ទំនងសង្គមដោយប្រកាសថា អ៊ុយក្រែនបានសម្រេចចិត្តឈប់បាញ់ដោយឯកតោភាគីចាប់ពីម៉ោងសូន្យចូលថ្ងៃទី៦ ខែឧសភា៕

ប្រភព ៖ (CCFR)
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច