ភ្នំពេញ៖ បន្ទាប់ពីមានការផ្សព្វផ្សាយតាមបណ្តាញសង្គម ចំពោះសកម្មភាពពាក្យសំដីបុរសម្នាក់ដែលស្រវឹងស្រាខឹងនឹងកូនប្រសាប្រុស យកលុយចំណងដៃជិះម៉ូតូគេចខ្លួនបាត់ នៅចំណុចហាងមួយកន្លែង ក្នុងសង្កាត់អូរបែកក្អម និងបាននិយាយប៉ះពាល់ដល់ឈ្មោះថ្នាក់ដឹកនាំ។
អនុវត្តតាមបាទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ខណ្ឌសែនសុខ បានធ្វើការកោះហៅបុរសឈ្មោះ អាន មករា ភេទប្រុស អាយុ ៥៧ឆ្នាំ មុខរបរនិវត្តន៍ជនយោធិនពិការ មានទីលំនៅភូមិបុកស្បូវ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ មកសួរនាំបំភ្លឺ។
នៅចំពោះមុខសមត្ថកិច្ចបុរសខាងលើបានរៀបរាប់ពីដំណើររឿង នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ គាត់បានមកចូលរួមកម្មវិធីកាត់ចំណងដៃកូន នៅហាងសូណាមិ ផ្លូវ២០០៤ ភូមិអូរគីដេរ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ លុះដល់វេលាម៉ោងប្រហែល០១:០០នាទីយប់អធ្រាត្រ ថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២៦ ម្ចាស់ហាងគិតលុយទើបដឹងថាកូនប្រសារប្រុសឈ្មោះ ប៊យ ចាន់ណាត់ មុខរបរ ជាងជួសជុលរថយន្ត បានប្រមូលយកលុយចំណងដៃទាំងអស់រត់គេចខ្លួនបាត់ ទើបគាត់មានការខឹងសម្បារនិងកូនប្រសារក៏ស្រែកឡូឡា និងប្រើពាក្យសំដីមិនសមរម្យប៉ះពាល់ដល់ថ្នាក់ដឹកនាំ។
បុរសខាងលើទទួលស្គាល់នូវកំហុសឆ្គងរបស់ខ្លួន និងសុំទោសជាសាធារណៈដល់ថ្នាក់ដឹកនាំ សាធារណជន សូមមេត្តាយោគយល់អធ្យាស្រ័យចំពោះកំហុសឆ្គងដោយគាត់បានប្រើពាក្យសំដីមិនសមរម្យ។ បុរសនោះបន្ទាប់មកសមត្ថកិច្ចក៏បានធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេះ និងអនុញ្ញាតឱ្យបុរសខាងលើត្រឡប់ទៅផ្ទះវិញ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច