ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជានៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ បានដឹកនាំគណៈ ប្រតិភូជាថ្នាក់ដឹកនាំនៃសហភាពសហព័ន្ធយុវជនកម្ពុជាទៅចូលរួមដាក់កម្រងផ្កានិងគោរពព្រះវិញ្ញាណក្ខន្ធព្រះបាទ ភូមិបុល អាឌុល យ៉ាដេត (Bhumibol Adulyadej) ព្រះ មហាក្សត្រថៃនៅស្ថានទូតថៃប្រចាំកម្ពុជា។
បន្ថែមពីលើនេះលោកបានបញ្ជាក់នៅលើទំព័រ Facebook Page ផ្លូវការរបស់លោក ថា”ក្នុងនាមក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា និងយុវជនខ្មែរ ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំថ្វាយព្រះរាជ វង្សានុវង្សនិងជូនប្រជាជននៃព្រះរាជាណាចក្រថៃ ចំពោះការសោយទិវង្គតរបស់ព្រះករុណាព្រះបាទ ភូមិបុល អាឌុលយ៉ាដេត ព្រះមហាក្សត្រជាទីគោរពស្រឡាញ់បំផុតនៃប្រទេសថៃកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦។ សូមដួងព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គ បានយាងទៅកាន់សុគតិភព”។
សូមបញ្ជាក់ថាព្រះមហាក្សត្រប្រទេសថៃ ភូមិបុល អាឌុលយ៉ាដេត បានសោយ ទិវង្គតកាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ក្នុងព្រះជន្ម៨៩ព្រះវស្សា។ នាយរដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសឲ្យប្រជាពលរដ្ឋថៃ ស្លៀកពាក់ខ្មៅកាន់ទុក្ខរយៈពេល១ឆ្នាំ៕ហេង សូរិយា