ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍ពីប្រជានេសាទកាលពីរសៀលថ្ងៃទី១៨ ខែ តុលា ឆ្នាំ២០១៦បានឲ្យដឹងថា បទល្មើស នេសាទរបាំងស្បៃណរ៉ាវធំៗកើតមានយ៉ាងអនាធិបតេយ្យ នៅតាមដងទន្លេចំណុចព្រែកត្រសក់និងចំណុចអាបីបត់ ស្ថិតក្នុងភូមិ ក្បាលតោ និងចំណុចឃុំព្រៃចាស់ ស្រុក ឯកភ្នំ មន្ត្រីជំនាញមិនធ្វើការបង្ក្រាបដោយសារមានខ្នងបង្អែកនិងជារបស់មន្ត្រីសហគមន៍ ។
ប្រភពព័ត៌មានពីប្រជានេសាទបាន បង្ហើបប្រាប់ឲ្យដឹងថា បទល្មើសនេសាទរបាំងស្បៃណរ៉ាវនៅតែកើតមានយ៉ាងអនាធិបតេយ្យនៅតាមដងទន្លេនៅចំណុចឃុំព្រៃ ចាស់ និងនៅចុងព្រែកត្រសក់និងចំណុចអាបីបត់ ស្ថិតក្នុងភូមិក្បាលតោ ស្រុកឯកភ្នំ ដោយមួយចំនួនធំបានប្រើឧបករណ៍នេសាទខុសច្បាប់ជារបាំងស្បៃអួនក្រឡាល្អិតដែលហៅថា របាំងស្បៃណរ៉ាវរាប់រយរាប់់ម៉ែត្រយក មកដាក់បំផ្លាញពូជមច្ឆជាតិងាប់អណ្តែតពេញទឹកមិនដែលឃើញមានមន្ត្រីជំនាញពាក់ព័ន្ធណាម្នាក់ចុះទៅក្បែរឬបង្ក្រាបឡើយ ដោយទីតាំងទាំងអស់នោះ សុទ្ធសឹង ជារបស់អ្នកមានលុយខ្នងបង្អែក និងជា របស់មន្ត្រីសហគមន៍គ្នាឯង ។
ប្រភពបន្តទៀតថា មន្ត្រីជំនាញទាំងអស់នោះពេលដែលចុះទៅបង្ក្រាបម្តងៗកាប់ បំផ្លាញតែរបស់ពលរដ្ឋដែលមិនមានខ្សែ បក្ខពួកដែលនេសាទជាលក្ខណៈគ្រួសារ ដប់ម្ភៃម៉ែត្រ ។ ចំណែកអ្នកមានលុយខ្នង បង្អែកនិងមន្ត្រីសហគមន៍គ្នាឯងមួយចំនួន វិញបានប្រើប្រាស់ឧបករណ៍ស្បៃអួនក្រឡា ញឹកស្បៃ ណរ៉ាវរាប់រយម៉ែត្រមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់នោះ បែរជាមានការឃុបឃិតហើយធ្វើមិនដឹងមិនឮទៅវិញ ។
ប្រភពបន្តទៀតថា ត្រីដែលក្រុមល្មើសនេសាទដាក់ប្រមូលបានជារៀងរាល់ថ្ងៃតែងដឹកតាមកាណូតស្មាច់ដូចហែកឋិនយក មកលក់ឲ្យឈ្មួញនៅចំណុច សាម ស្ថិត ក្នុងភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ដោយក្នុងនោះឃើញមានកាណូតស្មាច់របស់មន្ត្រីជលផលដែលគេស្គាល់ឈ្មោះ ប៊ុន ណា នៅប្រចាំការត្រូវរូ៉វគ្នានៅទីនោះដែរ ។
លោក ប៊ុន ណា នាយសង្កាត់ជលផលស្រុកសង្កែដែលបានចតទូកស្មាច់ប្រចាំការនៅចំណុចភូមិសាស្ត្រខាងលើបានប្រាប់សារព័ត៌មានថា រឿងទាំងអស់នោះលោកមិនហ៊ាននិយាយឬបកស្រាយអ្វីទាំងអស់ បើចង់ដឹងច្បាស់សួរទៅលោកនាយខណ្ឌខ្លួនឯងទៅ ។
លោកជួងសុភានាយខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបងបានប្រាប់អ្នកសារព័ត៌មានថាចាំលោកឲ្យគេចុះទៅមើល ។ ចំពោះ ចំណាត់ការយ៉ាងណានោះប្រជាពលរដ្ឋចាំមើលបន្តទៀតថាតើលោក ជួង សុភា នាយ ខណ្ឌរដ្ឋបាលជលផលខេត្តអនុវត្តតាម វិធីសាស្ត្រណា ដើម្បីលុបបំបាត់ភាពមិន ប្រក្រតីទាំងនេះ? ៕ ហេង នរិន្ទ្រ