ខេត្តឧត្តរមានជ័យ ៖ ឈ្មួញរកស៊ីឈើគ្រញូងនិងឈើនាងនួនដ៏ល្បីឈ្មោះម្នាក់ឈ្មោះទូនៅស្រុកអន្លង់វែងខេត្តឧត្តរមាន ជ័យកំពុងបានមានអ្នកចេញមុខរត់ការគ្រប់ស្ថាប័នពាក់ព័ន្ធនៅក្នុងស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ ដើម្បីកៀរគរពលករឆ្លងដែនខុសច្បាប់ទៅកាប់ឈើគ្រញូង និងឈើនាងនួននៅចំណុចច្រករបៀងក្បាលទន្សោងស្រុកអន្លង់វែង និងច្រករបៀងអូរស្វាយ ជុប រុន និងត្រពាំង បីស្រុកត្រពាំងប្រាសាទ ។
បើតាមការឲ្យដឹងពីសមត្ថកិច្ចថាឈ្មោះទូជាឈ្មួញធំជាងគេដែលអាចទិញឈើនៅលើខ្នងភ្នុំដងរែកនិងនៅតាមជើងភ្នំនៃខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃដោយសេរីនិងដឹកជញ្ជូនទៅខេត្តត្បូងឃ្មុំដោយសុវត្ថិភាព ។
សព្វថ្ងៃកំពុងតែមានអ្នកមានអំណាច ម្នាក់ចេញមុខរត់ការសាជាថ្មីឡើងវិញដើម្បីឲ្យកិច្ចការងារល្មើសច្បាប់របស់ពួកគេ ប្រព្រឹត្តទៅដោយរលូនទោះជាប្រជាពល រដ្ឋខ្មែរដែលជាពលករស៊ីឈ្នួលអូសឈើ ឲ្យឈ្មួញខាងលើត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួនដាក់គុកនិងបាញ់សម្លាប់បាត់ខ្លួនជាញឹកញាប់ក្ដី តែសកម្មភាពបទល្មើសនៅតំបន់ ទឹសទី២ ស្រុកអន្លង់វែង និងស្រុក ត្រពាំងប្រាសាទខេត្តឧត្តរមានជ័យកាន់តែមាន សភាពគគ្រឹកគគ្រេងកើនឡើងជាបន្ត បន្ទាប់ ៕ ប៉ែននួន