ខេត្តឧត្តរមានជ័យ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា កាលពីថ្ងៃថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២៦ មានប្រជាពលរដ្ឋបានប្រទះ ឃើញសាកសពបុរសម្នាក់ដេកស្លាប់ នៅចំណុចក្នុងអូរព្រៃឬស្សី ដែលមានចម្ងាយប្រមាណជិត១គីឡូម៉ែត្រ ពីភូមិអូរស្វាយ ឃុំអូរ ស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ក្នុងស្ថានភាពហើមស្អុយរលួយ សង្ស័យពាក់ពន្ធអំពើឃាតកម្ម ។
សេចក្តីរាយការណ៍មានឲ្យដឹងទៀតថា សាកសពបុរសនោះពុំទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ ដេកស្លាប់ក្នុងសម្លៀកបំពាក់ ខាវប៊ូជើងវែងពណ៍ប្រផេះ និងអាវយឺតដៃខ្លីពណ៍ខ្មៅ អាយុប្រហែលជាង៣០ ឆ្នាំ ។
ក្រោយពេលមានការភ្ញាក់ផ្អើល ប្រជាពលរដ្ឋប្រទះឃើញសាកសពបុរសម្នាក់នោះ កម្លាំងសមត្តកិច្ចគ្រប់ជំនាញដឹកនាំដោយស្នងការរងនគរបាលខេត្តឧត្តរមានជ័យ ទទួលផែនការងារនគរ បាលព្រហ្មទណ្ឌបានចុះទៅសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ ដល់កន្លែងកើតហេតុពិនិត្យនិងធ្វើកោសលវិច្ច័យលើសាកសព រួចក៏មានការសន្និដ្ឋានជំហ៊ានដំបូងថា សពស្លាប់ពាក់ព័ន្ធទៅនឹងអំពើឃាតកម្ម ។ បានជាសមត្តិច្ចមានការសន្និដ្ឋានយ៉ាងដូច្នេះ ដោយនៅលើដងខ្លួនសាកសពមាន ស្នាមជាំ និងបាក់ធ្មេញ ទំនងជាការវាយដំ និងធ្វើទារុណកម្ម ។
តែទោះជាយ៉ាងណាក្តីករណីខាងលើនេះ សមត្តកិច្ចបាននិងកំពុងដុតដៃដុតជើង បើកការស៊ើបអង្កេត និងស្រាវជ្រាវ ដើម្បីស្វែងរកជនដៃដល់នាំមកទទួលទោសតាមផ្លូវច្បាប់ ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច