ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី សូមសម្តែងនូវការកោតសរសើរ និងគោរពដឹងគុណ ជាទីបំផុតចំពោះក្រុមគ្រួសារទាំងឡាយ ជាពិសេស ជីដូន ជីតា លោកឪពុក អ្នកម្តាយ និងបងប្រុស បងស្រី ដែលតែងតែធ្វើពលិកម្ម និងលះបង់គ្រប់បែបយ៉ាងក្នុងការចិញ្ចឹមបីបាច់ថែរក្សា និងអប់រំកូនចៅ !

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អបអរសាទរទិវាអន្តរជាតិស្តីពីគ្រួសារ

ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ សម្តេចសូមសម្តែងនូវការកោតសរសើរ និងគោរពដឹងគុណ ជាទីបំផុតចំពោះក្រុមគ្រួសារទាំងឡាយ ជាពិសេស ជីដូន ជីតា លោកឪពុក អ្នកម្តាយ និងបងប្រុស បងស្រី ដែលតែងតែធ្វើពលិកម្ម និងលះបង់គ្រប់បែបយ៉ាងក្នុងការចិញ្ចឹមបីបាច់ថែរក្សា និងអប់រំកូនចៅ និងការចូលរួមចំណែក ដ៏សកម្មរបស់គ្រួសារ ក្នុងការបន្តថែរក្សានិងលើកស្ទួយមរតក វប្បធម៌ សាសនា ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់ របស់ប្រជាជាតិយើង ដោយប្រកាន់ខ្ជាប់នូវការគោរពច្បាប់ សីលធម៌ សុជីវធម៌ ការយោគយល់ ការអធ្យាស្រ័យ និង ការសន្តោសប្រណី ដើម្បីរក្សាឱ្យបាននូវភាពសុខដុមរមនា សាមគ្គីភាព និងសេចក្តីថ្លៃថ្នូរក្នុងសង្គមជាតិ ស័ក្តិសមជា ឧត្តមប្រទេសមួយដែលមានវប្បធម៌ អរិយធម៌ដ៏ត្រកាលនិងសម្បូរបែបនៅលើសកលលោក តាំងពីបុរាណកាល រហូតមកដល់បច្ចុប្បន្ន ជាពិសេសនៅក្នុងដំណាក់កាលនៃសកលភាវូបនីយកម្មតាមប្រព័ន្ធបច្ចេកវិទ្យា។ 

សម្តេចធិបតី ថ្លែងថា ៖ ខ្ញុំសង្ឃឹម យ៉ាងមុតមាំថា គ្រួសារទាំងអស់ នឹងបន្តអនុវត្តនូវប្រពៃណីដ៏ល្អផូរផង់នេះ ដើម្បីបន្តរួមចំណែកថែរក្សានិងកសាង សមិទ្ធផលនានាបន្ថែមទៀតសម្រាប់ឧត្តមប្រយោជន៍ជាតិ សាសនា និងព្រះមហាក្សត្រ និងបន្តលើកកម្ពស់ កិត្យានុភាពជាតិប្រកបដោយមនសិការទទួលខុសត្រូវខ្ពស់ ក្នុងការកសាងសង្គមជាតិឆ្ពោះទៅរកសង្គមមួយ ប្រកបដោយសុខសន្តិភាព ស្ថិរភាព កិត្យានុភាព វឌ្ឍនភាព សេចក្តីរុងរឿង និងសុខដុមនីយកម្ម។

នាយករដ្ឋមន្ត្រីបន្តថា ៖ តាមរយៈនយោបាយ ឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាល និងក្រោមម្លប់ដ៏ត្រជាក់របស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល រាជរដ្ឋាភិបាល បានរៀបចំឱ្យមានគោលនយោបាយនិងបទប្បញ្ញត្តិនានាពាក់ព័ន្ធជាច្រើនទៀត សំដៅលើកកម្ពស់តម្លៃគ្រួសារខ្មែរ ដើម្បីធានាឱ្យបាននូវនិរន្តរភាពប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងសក្តិសិទ្ធិភាព ៕

ដោយ ៖ សិលា


ចែករំលែក៖